នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករ កម្មការនីចំនួន ១៤,០២៥នាក់ មកពីរោងចក្រចំនួន១៤បន្ថែមទៀតបន្ទាប់ពីបានជួបសំណេះសំណាលកាលពីម្សិលមិញប្រមាណជាង២ម៉ឺននាក់ ស្ថិតក្នុង ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ក្នុងទឹកដីនៃខេត្តព្រះសីហនុ។ រោងចក្រ សហគ្រាសទាំង១៤ ដែលកម្មករនិយោជិតមកជួបសំណេះសំណាលជាមួយ សម្តេចតេជោ នៅព្រឹកនេះ មានអ្នកវិនិយោគមកពីប្រទេសចិនចំនួន៧ បារាំងចំនួន១ ជប៉ុនចំនួន២ អាមេរិកចំនួន៣ និងកម្មករមកពីកំពង់ផែស្វ័យតក្រុងព្រះសីហនុផងដែរ។ រោងចក្រទាំងនោះមានដូចជារោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន៤ ផលិតស្បែកជើងចំនួន១ ផលិតកាបូបចំនួន២ ផលិតសម្ភារៈកីឡាចំនួន១ ជ្រលក់ពណ៌ក្រណាត់ចំនួន១ ផលិតគ្រឿងសំអាងចំនួន១ ផលិតកេសកាតុងចំនួន១ ផលិតកំប៉ុងចំនួន១ ផលិតសាឡុងចំនួន១ ហើយផលិតផលទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញមក ជួបជុំជាមួយបងប្អូនកូនក្មួយកម្មករកម្មការនីនៅថ្ងៃអាទិត្យដែលជាថ្ងៃឈប់សំរាក។ ដោយសារការសំណេះសំណាលនេះចំថ្ងៃអាទិត្យ សម្តេចតេជោ បានសុំអោយម្ចាស់រោងចក្រអនុញ្ញាតឲ្យ កូនក្មួយកម្មករកម្មការនីបានឈប់សំរាកនៅថ្ងៃច័ន្ទមួយថ្ងៃទៀតដោយមានប្រាក់ឈ្នួលពេញ។ ក្នុងការចុះជួបសំណេះសំណាលនៅក្នុងទឹកដីខេត្តព្រះសីហនុនាពេលនេះគឺដើម្បីស្វែងយល់ពីសុខទុក្ខរបស់កម្មករនិងដើម្បីដោះស្រាយបញ្ហាប្រឈមនានាមួយចំនួនរបស់កម្មករ ព្រមទាំងជំរុញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម(២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ អោយកាន់តែល្អប្រសើរឡើង។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា នៅថ្ងៃទី១ ខែឧសភា គឺជាថ្ងៃនៃទិវាពលកម្មអន្តរជាតិ សម្តេចតេជោ បានអនុញ្ញាតឲ្យមានការរៀបចំកម្មវិធីទិវានេះផងដែរ ហើយសម្តេចតេជោ នឹងឲ្យតំណាងរបស់សម្តេចមកចូលរួមជំនួស។ ក្នុងថ្ងៃ០១ ឧសភា នេះដែរ សម្តេចតេជោ នឹងជ្រើសរើសរោងចក្រណាមួយដែលរៀបចំកម្មវិធីសប្បាយៗសម្រាប់ថ្ងៃនោះ ហើយសម្តេចតេជោ នឹងអញ្ជើញទៅចូលរួមសប្បាយៗជាមួយកូនក្មួយកម្មករកម្មការនីនៅទីនោះផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ជំរុញលើកទឹកចិត្តដល់ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ឲ្យខិតខំធ្វើឲ្យវិស័យឧស្សាហកម្មនេះកាន់តែរីកចម្រើនបន្ថែមទៀតចំពោះប្រាក់ខែកម្មករកម្មការនីយើងមិនមែននៅត្រឹម ១៧០ ដុល្លារ នេះរហូតនោះទេ គឺយើងនឹងតម្លើងជារៀងរាល់ឆ្នាំហើយ សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថាក្នុងការកំណត់ប្រាក់ខែអប បបរិមា ១៧០ដុល្លារ បើរោងចក្រឲ្យប្រាក់ខែក្រោម ១៧០ ដុល្លារ គឺខុសនឹងច្បាប់ ប៉ុន្តែបើឲ្យលើសពី ១៧០ ដុល្លារ គឺត្រឹមត្រូវ ហើយ សម្តេចតេជោ នឹងអបអរសសាទរផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិក្រោមគោលនយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាមានដូចជាការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ការកសាងសាលារៀន មន្ទីរពេទ្យនៅគ្រប់ទីកន្លែង និងការពង្រីករោងចក្រទៅតាមបណ្តាលជនបទជាដើម។ កម្ពុជាមិនត្រូវពឹកផ្អែកតែលើវិស័យកសិកម្មតែមួយមុខនោះទេគឺត្រូវតែជំរុញវិស័យឧស្សាហកម្មបន្ថែមទៀត ដើម្បីធ្វើឲ្យសេដ្ឋកិច្ចជាតិកាន់តែមានការរីកចម្រើន។ សម្តេចតេជោ ហ៊ុន សែន នៅតែបន្តការ អំពាវនាវឲ្យកម្មករកម្មការនី និងប្រជាពលរដ្ឋត្រូវតែចូលរួមរក្សាសន្តិភាពដែលមានស្រាប់នេះឲ្យបានគង់វង្ស ហើយដើម្បីរក្សាសន្តិភាពនេះបានគឺត្រូវបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តទៀតដើម្បីឲ្យសម្តេចតេជោមានឱកាសរួមដំណើរជាមួយប្រជាពលរដ្ឋក្នុងការអភិវឌ្ឍប្រទេសនេះឲ្យកាន់តែរីកចម្រើនតទៅមុខបន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានសូមឲ្យម្ចាស់រោងចក្រទាំងអស់ត្រូវតែយកចិត្តទុកដាក់ ចំពោះកម្មករ។ រោងចក្រដែលជោគជ័យគឺជារោងចក្រដែលបានយកចិត្តទុកដាក់ដល់សុខទុក្ខកម្មករ មិនត្រូវឲ្យមានបញ្ហាផ្ទៃក្នុងនៅរោងចក្រឡើយទាំងម្ចាស់រោងចក្រ ប្រធានផ្នែកប្រធានរដ្ឋបាល មិនត្រូវធ្វើអ្វីដែលមិនគប្បីចំពោះកម្មករឡើយ ចំណែកឯកម្មករវិញត្រូវចេះគោរពស្រលាញ់គ្នាគោរព ការងារឲ្យតម្លៃគ្នាទៅវិញទៅមក និងត្រូវខិតខំធ្វើការឲ្យបានល្អប្រសើរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវសារសំខាន់ៗ ៩ចំនុចដើម្បីអោយក្រសួងពាក់ពន្ធ័អោយអនុវត្តន៍អោយមានប្រសិទ្ធភាព។
១) ត្រូវអនុវត្តប្រាក់ខែអប បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។
២)ត្រូវអនុវត្តន៍ការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តន៍ដូចគ្នាជាពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយ បានម៉តចត់។
៣)ត្រូវអនុវត្តន៍ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈពេល៣ខែហើយ ហើយនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ)ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារអោយបានដិតដល់ចំពោះការអនុវត្តន៍សកម្មភាពនេះ។
៤.ត្រូវអនុវត្តន៍ ចំពោះកម្មការនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។
៥)ត្រូវអនុវត្តន៍ ចំពោះរបប សន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។
៦)អនុវត្តន៍តាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់អោយបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការនីកុំ អោយមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។
៧)អនុវត្តន៍ប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត)ដូចច្នេះក្នុងរយៈពេល១ឆ្នាំ(២០១៨)ត្រូវត្រៀមរៀបចំអោយហើយដើម្បីអោយដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។
៨)អនុវត្តន៍ចូលរួមបន្តយកចិត្តទុកដាក់និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេស ជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារ ល្អប្រសើរ។
៩) ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗអោយបានដិតដល់ និងចូលរួមដោះស្រាយបញ្ហា ប្រឈមនានាចំពោះកម្មករ នៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ ប្រាក់ឈ្នួលជាបន្ទាន់ដល់កម្មករកម្មការិនីដែលបានធ្វើការ ក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយ រកការងារធ្វើដល់កម្មករកម្មការនីអោយបានឆាប់បំផុត។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និយោជកទាំងអស់ ដែលបានចូលរួមក្នុងពិធីជួបជុំថ្ងៃនេះ ឲ្យជួបតែសេចក្តីសុខ ចម្រើនគ្រប់ៗគ្នា ។ សម្តេចតេជោបានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កម្មករនិងបានឧបត្ថម្ភថវិកាដល់កម្មការនីមានផ្ទៃពោះចំនួន ៣១៤ នាក់ផងដែរ។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថតរូបអនុស្សាវរីយ៍ Free Selfie, ដែលបង្ហាញការអាណិតស្រឡាញ់ និងយកចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកូនក្មួយកម្មករកម្មការនីនៅក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕
រូបភាពៈ ហ្វេសប៊ុកសម្តេចតេជោ