ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បានរអិលដួលបោកក្បាលនឹងឥដ្ឋការ៉ូ បែកហូរឈាមពេញ ផ្ទះបង្កកាភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជាង០១រសៀល ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៨ ចំណុចផ្ទះលេខ៤២ ជាន់ទី២ តាមផ្លូវលេខ១៣០ កែងផ្លូវលេខ៥ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ។
ប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាលោកតាដែលរអិលដួលខ្លួនឯងមានឈ្មោះ ប៊ុន ឃុនឡេង អាយុ៧៥ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤២ ជាន់ទី២ តាមផ្លូវលេខ១៣០ កែងផ្លូវលេខ៥ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ។
តាមព័ត៌មានពីបុរសឈ្មោះ ស៊ិន សុភាព បានឲ្យដឹងថា ជារៀងរាល់ថ្ងៃគាត់តែងតែឃើញលោកតារងគ្រោះ ទៅយានដ្ឋានជួសជុលរថយន្តរបស់គាត់ អង្គុយលេងនៅខាងមុខយានដ្ឋាន និង ជួនកាលរូបគាត់បានឲ្យលោកតារងគ្រោះទៅទិញឥវ៉ាន ប៉ុន្តែនៅថ្ងៃកើតហេតុមិនឃើញជនរងគ្រោះទៅយានដ្ឋានរបស់គាត់ទេ ទើបធ្វើឲ្យរូបគាត់មានកាសង្ស័យក៏ទៅសួរអ្នកជិតខាងនៅក្បែរផ្ទះជនរងគ្រោះ ហើយបាននិយាយថាមិនបានឃើញជនរងគ្រោះចុះមកខាងក្រោមនោះទេគឺតាំងពីម៉ោង ៧យប់មកម៉្លេះ ធ្វើឲ្យរូបគាត់ភ័យស្លន់ស្លោក៏ឡើងទៅខាងលើផ្ទះប៉ុន្តែផ្ទះជាប់សោ គោះទ្វាយ៉ាងណាក៏មិនបើក ទើបរូបគាត់ដាច់ចិត្តរាយការណ៍ជូនកម្លាំងសមត្ថកិច្វឲ្យចុះមកវាយទម្លុះទ្វា ខណៈពេលដែលធាក់ទ្វាចូលហើយក៏ឃើញឈាមប្រឡាក់ពេញផ្ទះ និង ប្រឡាក់ស្រោចពេញខ្លួនជនរងគ្រោះតែម្តង។
បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និង បានទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ដឹកយកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ៕ ជ្រោយពេជ្រ