ភ្នំពេញ៖ ការប្រកួតវគ្គជម្រុះនៃពានរង្វាន់Tiger Street Football Festival 2018នៅមណ្ឌលរាជធានីភ្នំពេញមានរហូតដល់ទៅ១១៦ក្រុមដែលបានដាក់ពាក្យចូលរួមនេះបានបើកការប្រកួតជាផ្លូវការណ៍ហើយនាព្រឹកថ្ងៃទី៧ខែមីនានេះនៅបវិវេណសួនច្បារមុខសាលមហោស្រពកោះពេជ្រ។
ថ្លែងក្នុងពិធីបើកលោកទុយវិច្ឆិកាតំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានមានប្រសាសន៍ថានេះគឺជាលើកទី៦ហើយដែលក្រុមហ៊ុនស្រាបៀរថៃហ្គ័របានរៀបចំកម្មវិធីដ៏អស្ចារ្យក្នុងការផ្តល់ឱកាសដល់ប្អូនៗយុវជនដែលស្រលាញ់កីឡាបាល់បញ្ចេញសមត្ថភាពប្រកួតប្រជែងដណ្តើមពាន់រង្វាន់។ហើយជាធម្មតាការប្រកួតតែងតែចង់ទទួលបានជ័យជម្នះប៉ុន្តែយ៉ាងណាក៏ដោយសហព័ន្ធកីឡាបាល់ទាត់និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រតែងតែសង្កត់ធ្ងន់លើកការគោរពវិន័យហើយសង្ឃឹមថាប្រកាន់ភ្ជាប់នូវស្មារតីកីឡាលេងដោយFair Play គោរពពេលវេលាគោរពអាជ្ញាកណ្តាលនិងអ្នករៀបចំកម្មវិធី។
ទន្ទឹមនឹងនោះផងដែរ លោក Moon Yoo នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនស្រាបៀរថៃហ្គ័របានមានប្រសាសន៍ថាTiger Street Football Festival ២០១៨បានវិលត្រឡប់មកវិញហើយមិនតែប៉ុណ្ណោះព្រឹត្តិការណ៍កាន់តែធំជាងមុននិងមានមណ្ឌលប្រកួតរហូតដល់៨ទីតាំងក្រុមចូលរួមប្រកួតដល់ទៅជាង៥០០ក្រុមកីឡាករសរុបជាង៣៥០០នាក់និងមានប្រាក់រង្វាន់ដ៏ច្រើនសរុប៥០.០០០ដុល្លារ។មិនតែប៉ុណ្ណោះក្រុមដែលប្រជែងបានកៅអីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញនិងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិRyan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ។សូមកីឡាករទាំងបញ្ចេញសមត្ថភាពឲ្យអស់នៅលើទីលានថៃហ្គ័រនេះ។
គួរបញ្ជាក់ថា នៅមណ្ឌលរាជធានីភ្នំពេញ ដែលជាមណ្ឌលចុងក្រោយនេះគណៈកម្មាធិការយក១២ក្រុមដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១០និង១១ខែមីនាឆ្នាំ២០១៨នេះ៕ វឌ្ឍនា