ព័ត៌មានទាន់ហេតុការណ៍៖

រឿងភ្លេចកន្សែងក្នុងពោះស្ត្រីសម្រាលកូនសម្រេចដកតួនាទីគ្រូពេទ្យ២នាក់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ លោក គួច ចំរើន អភិ បាលខេត្តកំពង់ចាមបានបញ្ជាក់នៅថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ថា បុគ្គលិកពេទ្យ២រូបដែលមានកំហុសដោយសារវះកាត់ហើយភ្លេចកន្សែងក្នុងពោះស្ត្រីសម្រាលកូនកាលពីពេលថ្មីៗកន្លងទៅត្រូវដាក់វិន័យ និងដកតួនាទីជាអ្នកព្យាបាលជំងឺដោយផ្ទេរភារកិច្ចទៅបម្រើការនៅក្នុងមន្ទីរសុខាភិបាលខេត្តវិញលែងអនុញ្ញាតឲ្យបម្រើការងារវះកាត់ទៀតហើយដោយសារប្រព្រឹត្តខុសវិជ្ជាជីវៈធ្ងន់ធ្ងរ ។

ការសម្រេចដាក់ពិន័យដោយដកតួនាទីជាគ្រូពេទ្យទាំង២រូបនេះបន្ទាប់ពីស្ត្រីជាគ្រូបង្រៀនម្នាក់ដែលមានស្រុកកំណើតនៅ ភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាមបានសម្រាលកូនដោយការវះកាត់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ ប៉ុន្តែគ្រូពេទ្យទាំង២នាក់នេះមិនត្រូវ បានបង្ហាញអត្តសញ្ញាណឡើយ ។

កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ កន្លងទៅអ្នកស្រី ឌឹម ស្រីមុំ បានសម្រេច ចិត្តឲ្យគ្រូពេទ្យវះកាត់ម្ដងទៀតក្រោយពីឈឺចាប់កាន់តែខ្លាំងឡើងៗនៅកន្លែងវះ កាត់កាលពី៣ខែមុន ហើយរកឃើញកូន កន្សែងមួយដែលក្រុមគ្រូពេទ្យភ្លេចនៅក្នុងពោះរបស់នាងបន្ទាប់ពីវះសម្រាលកូន ។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ លោក គួច ចំរើន អភិបាលនៃគណៈអភិ បាលខេត្តកំពង់ចាមរួមជាមួយប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យបង្អែក ខេត្ត និងសាច់ញាតិស្រ្តីរងគ្រោះបានជួប ពិភាក្សាគ្នាដើម្បីដោះស្រាយករណីនេះ ហើយបានយករថយន្តពេទ្យទៅដឹកស្រ្តីរងគ្រោះដល់ផ្ទះដើម្បីបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែតក្រោមការជួយជ្រោមជ្រែងចេញថ្លៃព្យាបាលពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។

ពាក់ព័ន្ធករណីនេះលោក គួច ចំរើន អភិបាលខេត្តកំពង់ចាមបានសរសេរសារនៅលើហ្វេសប៊ុករបស់លោកថា «ប្រភព ពត៌មានពីខេត្តកំពង់ចាមបានឲ្យដឹងថា គ្រូ ពេទ្យ២នាក់ដែលវះកាត់ភ្លេចកន្សែងក្នុងពោះត្រូវបានដកចេញពីមន្ទីរពេទ្យខេត្តកំពង់ចាមឲ្យទៅបម្រើការងារនៅមន្ទីរសុខា ភិបាលខេត្ត និងមិនអនុញ្ញាតឲ្យវះកាត់អ្នក ជំងឺទៀតទេ ហើយពួកគាត់ក៏នឹងទទួល ពិន័យផងដែរតែមិនទាន់ដឹងថាពិន័យនោះមានកម្រិតណាទេ ព្រោះកំពុងរង់ចាំការ សម្រេចពីគណៈកម្មការគ្រូពេទ្យនៅថ្នាក់ជាតិ» ។

លោកបានសរសេរទៀតថា «ក្រោយ មានបញ្ហានេះកើតឡើងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានសម្តែងក្តី អាណិតអាសូរ និងយកចិត្តទុកខ្លាំងចំពោះស្ត្រីរងគ្រោះហើយសម្តេចទទួលរ៉ាប់រង ក្នុងការសម្រាកព្យាបាលជំងឺជូនគាត់ទាំងស្រុង» ។

ក្នុងនាមជាអ្នកទទួលខុសត្រូវអំពីសុខទុក្ខប្រជាពលរដ្ឋលោក គួច ចំរើន ក៏បាន ខិតខំឆ្លើយតបយ៉ាងទាន់ពេលវេលាក្រោយពីទទួលដំណឹងដ៏គួរឲ្យសង្វេគនេះភ្លាម ដោយលោកបានអញ្ជើញភាគីពាក់ព័ន្ធមកជជែកទល់មុខគ្នាដើម្បីជ្រាបច្បាស់ពីបញ្ហាកើតឡើង និងជាចុងក្រោយភាគីមន្ទីរពេទ្យ បានសុខចិត្តផ្តល់ជូនគ្រួសារស្រ្តីរងគ្រោះ នូវទឹកប្រាក់ចំនួន៥.០០០ដុល្លារ។ ចំណែកលោកបានឧបត្ថម្ភជូនគ្រួសារស្រ្តីរងគ្រោះចំនួន៥លានរៀលដើម្បីសម្រួលការធ្វើ ដំណើរទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ ។

ដោយឡែកលោកវេជ្ជបណ្ឌិត សៅ សំបូរ ប្រធានគណៈគ្រូពេទ្យខេត្តកំពង់ចាម បានធ្វើលិខិតមួយច្បាប់កាលពីថ្ងៃអង្គារ ៥ រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ជូនទៅគណៈគ្រូពេទ្យជាតិដើម្បីសម្រេច ដាក់ពិន័យចំពោះការប្រព្រឹត្តខុសវិជ្ជាជីវៈ ប៉ុន្តែមិនទាន់ដឹងថាត្រូវដាក់ដល់កម្រិតណានៅឡើយទេ ។

នេះមិនមែនជាលើកទី១ទេសម្រាប់ បុគ្គលិកពេទ្យបម្រើការនៅក្នុងមន្ទីរពេទ្យ បង្អែកខេត្តកំពង់ចាមដែលកាលពីឆ្នាំ២០០៦ ក៏ធ្លាប់ប្រព្រឹត្តទង្វើបែបនេះដែរដោយអ្នក ជំងឺម្នាក់នៅក្នុងឃុំតាំងក្រង ស្រុកស្ទឹងត្រង់ ក៏ជួបករណីគ្រូពេទ្យភ្លេចកន្សែងក្នុងពោះគាត់ដែរក្រោយពីវះកាត់រួច ប៉ុន្តែកាលនោះ ហាក់ដូចជាមិនមានការដាក់ពិន័យដល់គ្រូពេទ្យប្រព្រឹត្តខុសឡើយ ៕ ហេង សូរិយា

 


ចែករំលែក៖