ទីម័រខាងកើត បានប្រកាសឯករាជ្យចេញពីប្រទេសព័រទុយហ្គាល់ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៧៥ ។ ក្រោយទទួលបានឯករាជ្យ៩ថ្ងៃ ត្រូវកម្លាំងទាហានឥណ្ឌូនេស៊ីគ្រប់គ្រង បង្កើតទៅជាខេត្ត ទីម័រខាង កើត នៅខែកក្កដាឆ្នាំ១៩៧៦ ក្រោមការ គ្រប់គ្រងរបស់ប្រទេសឥណ្ឌូនេស៊ី ។ ក្រោយមកទីម័របានតស៊ូ ដណ្តើមឯករាជ្យ មកវិញរយៈពេលជាង ២ទសវត្សបណ្តាលឲ្យមានអ្នកស្លាប់ពី១សែននាក់ដល់ជាង២សែននាក់។
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៩៩ ការ បោះឆ្នោតប្រជាមតិ ក្រោមការត្រួតពិនិត្យ របស់អង្គការសហប្រជាជាតិ ពលរដ្ឋទីម័រ បានសម្រេច ផ្តាច់ខ្លួនជាប្រទេសឯករាជ្យចេញពីឥណ្ឌូនេស៊ី។ នៅពេលដែល បោះ ឆ្នោតផ្តាច់ខ្លួន កម្លាំងទាហានប្រឆាំងនឹង ការឯករាជ្យ បានវាយបំផ្លាញ ទីម័រយ៉ាង ដំណំសាជាថ្មី ដោយបានបំផ្លាញហេដ្ឋា រចនាសម្ព័ន្ធស្ទើរតែទាំងស្រុង ក្នុងនោះ មានសាលារៀននិង បណ្តាញអគ្គិសនីជា ដើម។ រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ១៩៩៩ ទើបកម្លាំងរក្សាសន្តិភាពរបស់ប្រទេសអូស្ត្រាលី ចូលទៅកាន់ ទីម័រខាង កើត ជួយបញ្ចប់អំពើហិង្សា ។ នៅថ្ងៃទី ២០ខែឧសភាឆ្នាំ២០០២ទីម័រខាងកើត ត្រូវបានអន្តរជាតិ ទទួលស្គាល់ជាប្រទេស ឯករាជ្យ អធិបតេយ្យពេញលេញ។
ប៉ុន្តែព្រំដែនសមុទ្រមួយចំនួនមិនទាន់មានការព្រមព្រៀងនៅ ហើយពេលនេះ អូស្រ្តាលី និងទីម័រខាងកើត (Timor-Leste) ទីបំផុតបានចុះហត្ថលេខា លើសន្ធិសញ្ញាបែងចែកព្រំដែនផ្លូវសមុទ្រ រវាងប្រទេស ទាំងពីរ នៅក្រោមការទទួលស្គាល់ ពីអង្គ ការសហប្រជាជាតិ (UN)។ នេះបើតាម ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ចិន ស៊ីនហួ នៅព្រឹកថ្ងៃពុធ ទី៧ ខែមីនា ឆ្នាំ២០១៨។
សន្ធិសញ្ញាខាងលើ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី ជូលី ប៊ីសប (Julie Bishop) និងលោក អូហ្គូស្តូ ខាប្រល ភើរ៉ីរ៉ា (Augusto Cabral Pereira) ដែលជារដ្ឋមន្រ្តី ទទួលបន្ទុកលើការបោះព្រំដែន នៃការិយាល័យនាយករដ្ឋមន្រ្តីទីម័រខាងកើត នៅ ឯទីស្នាក់របស់ការកណ្តាលយូអិន ក្នុង ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រោមវត្ត មានរបស់អគ្គលេខាធិការ នៃអង្គការ សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ រ៉េស (Antonio Guterres)។
គួរជម្រាបជូនថា ការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការខណ្ឌចែកព្រំដែននេះ គឺជាការបញ្ចប់បញ្ហាវិវាទផ្លូវសមុទ្រ ដែលបានអូសបន្លាយប្រមាណមួយទសវត្សរ៍ មកហើយ រវាងអូស្រ្តាលី នឹងទីម័រខាងកើត ហើយប្រមុខដឹកនាំយូអិន បានលើកឡើង ថា ទង្វើនេះបានឆ្លុះបញ្ចាំងឲ្យឃើញ ពី ឥទ្ធិពលនៃច្បាប់អន្តរជាតិ ព្រមទាំងប្រសិទ្ធ ភាព នៃការដោះស្រាយជម្លោះដោយសន្តិ វិធី៕ ម៉ែវ សាធី