ភ្នំពេញ៖ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី កាលពីវេលាម៉ោង៩នាទីកាលពីព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ តាមបណ្ដោលផ្លូវលេខ១០៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ បានបន្ដប្រតិបត្តិការចាប់ជនជាតិវៀតណាម៧នាក់ដែលចូលមកធ្វើការ និងស្នាក់នៅដោយគ្មានច្បាប់អនុញ្ញាតិ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើនៅចំណុចសិប្បកម្មឈើ តុ ទូ ផ្លូវលេខ១០៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋាន បញ្ជាក់ថា បន្ទាប់ពីបញ្ចប់ប្រតិបត្តិការជនជាតិវៀតណាមប្រុសទាំង៧នាក់ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការបន្ដនីតិវិធី៕ ស រស្មី