ព័ត៌មានទាន់ហេតុការណ៍៖

លួចគេបានវាគ្រាន់ ពេលគេទាន់ វាក្រែល

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យត្រូវប្រជាពលរដ្ឋនាំគ្នាដេញចាប់ និងវាយឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចក្រោយពីរូបគេបានធ្វើសកម្មភាពលួចកាច់សោម៉ូតូគេទុកនៅមុខបន្ទប់ជួល។

ករណីនេះ បានកើតឡើងកាលពី ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក នៅចំណុចមុខបន្ទប់ជួលលេខ៩ ផ្លូវរថភ្លើង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ ច័ន្ទ ដារ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខខ៩៥ ផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រសែះចក ខណ្ឌដូនពេញ ។ ចំណែកដើមបណ្តឹងជាម្ចាស់ម៉ូតូឈ្មោះ ទុយ ហង់ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ៩ ផ្លូវរថភ្លើង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចប្រាប់ថា នៅមុនពេលកើតហេតុជនរងគ្រោះ បានបណ្តើរម៉ូតូរបស់ខ្លួន១គ្រឿង ម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BN.0077 យកមកទុកនៅមុខបន្ទប់ជួល ហើយជនរងគ្រោះក៏ដើរទៅក្នុងបន្ទប់វិញ បានមួយសន្ទុះ គាត់ក៏ចេញមកវិញ ស្រាប់តែឃើញជនសង្ស័យធ្វើសកម្មភាពកាច់សោកម៉ូតូគាត់ជិះចេញទៅបានប្រហែល១០ម៉ែត្រ គាត់ក៏ស្រែកថា ចោរៗភ្លាមនោះ មានប្រជាពលរដ្ឋនាំគ្នាជួយដេញចាប់ជនសង្ស័យបានវាយឡើងទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកា ៕ តុង សីហា


ចែករំលែក៖