ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រី និងបុរស មានសិទ្ធិស្មើគ្នានៅក្នុងសង្គមនយោបាយនិងការទទួលបានប្រាក់បៀវត្សរ៍

ចែករំលែក៖

ក្នុងឱកាសនៃទិវានារីអន្តរជាតិ៨ មីនា កន្លងមក រដ្ឋាភិបាលបារាំងបានវាយតម្លៃឃើញថា ស្ត្រីនៅតែ មិនទាន់ទទួលបាន តម្លាភាពជាមួយបុរសនោះឡើយ ពិសេស គឺនៅក្នុងវិស័យការងារ ។ ស្ត្រីនិងបុរស ធ្វើការដូចគ្នា តែមានប្រាក់បៀវត្សរ៍តិចជាង បុរសដដែល។ រដ្ឋាភិបាលបារាំង គ្រោង នឹងដាក់ទណ្ឌកម្ម ដល់បណ្តាក្រុមហ៊ុន សហគ្រាស ណាដែលមានគម្លាតប្រាក់បៀវត្សរ៍រវាងបុរសនិងស្ត្រី។

បច្ចុប្បន្ននេះ គេប៉ាន់ស្មានថា រវាងបុរស និងស្រ្តី ដែលធ្វើការក្នុងមុខងារប្រហាក់ ប្រហែលគ្នា ស្រ្តីទទួលបានប្រាក់បៀវត្សរ៍ទាបជាងបុរស គិតជាមធ្យមរហូតដល់ទៅ ប្រមាណជា ៩%។ រដ្ឋាភិបាលបារាំងឆ្លៀតក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ៨មីនានេះ បានប្រកាសចាត់វិធានការយ៉ាងតឹងរ៉ឹង ដោយគ្រោងនឹងដាក់ទណ្ឌកម្មចំពោះក្រុមហ៊ុន សហគ្រាសណា ដែលមិនខ្នះខ្នែងកាត់បន្ថយគម្លាតប្រាក់បៀវត្សរ៍នេះ។

កាលពីពេលកន្លងទៅ បារាំងក៏ធ្លាប់បានបង្កើតច្បាប់ជាច្រើនមកហើយដែរ ដើម្បី ព្យាយាមលុបបំបាត់គម្លាតប្រាក់បៀវត្សរ៍នេះ ក៏ប៉ុន្តែមិនមានប្រសិទ្ធភាព ដោយសារតែច្បាប់ទាំងនេះមិនត្រូវបានអនុវត្តជាក់ស្តែងនៅតាមសហគ្រាស។ ហេតុដូច្នេះ ហើយបានជានៅថ្ងៃនេះ រដ្ឋាភិបាលបារាំងបានប្រកាសឲ្យដឹងពីវិធានការថ្មី តាមរយៈការបង្កើតនូវយន្តការតាមដានគម្លាតប្រាក់បៀវត្សរ៍នៅតាមក្រុមហ៊ុនសហគ្រាស។ យន្តការតាមដាននេះនឹងត្រូវធ្វើតាមរយៈ កម្មវិធីកុំព្យូទ័រ ដែលនឹងត្រូវដំឡើង ចាប់ ពីពេលនេះ រហូតទៅដល់ឆ្នាំ២០១៩ ខាងមុខ នៅតាមបណ្តាសហគ្រាសទាំង អស់ ដែលមានបុគ្គលិកចាប់ពី ៥០នាក់ ឡើងទៅ។

យន្តការនៃការតាមដានគម្លាតប្រាក់បៀវត្សរ៍នេះនឹងត្រូវធ្វើដោយគិតទៅលើ លក្ខណៈវិនិច្ឆ័យមួយចំនួន (រួមមានដូចជា សញ្ញាបត្រ អាយុ និងអតីតភាពការងារ ជាដើម) ដែលនឹងត្រូវកំណត់រួមគ្នាជាមួយសហជីពតំណាងនិយោជិត និងសហជីព តំណាងនយោជក។ ប្រសិនបើនៅក្នុង​សហគ្រាសណាមួយ គេសង្កេតឃើញមានគម្លាតប្រាក់បៀវត្សរ៍ខុសពីប្រក្រតី សហគ្រាសនោះចាំបាច់ត្រូវតែចាត់វិធានការ ដើម្បីលុបបំបាត់គម្លាតនេះ ហើយប្រសិនបើគម្លាតនេះនៅតែបន្តកើតមាន សហគ្រាសនោះអាចនឹងត្រូវទទួលទណ្ឌកម្ម ដោយ ពិន័យជាប្រាក់រហូតទៅដល់ប្រមាណជា ១% នៃការចំណាយលើបៀវត្សរ៍សរុបរបស់ សហគ្រាស៕ ម៉ែវ សាធី

 


ចែករំលែក៖