ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ តើសំណើរបស់គីម ជុងអ៊ុនពិភាក្សាជាមួយសហរដ្ឋអាមេរិកគឺជាការស្មោះត្រង់ ឆន្ទៈពិតឬ?

ចែករំលែក៖

ដោយសារតែកូរ៉េខាងជើង តែងតែ ផ្លាស់ប្តូរនូវ គោលជំហរ នាពេលចុងក្រោយ ក៏ដូចជាធ្វើអ្វី ប្រែប្រួលគ្រប់ពេលវេលា បានឲ្យ មនុស្សជាច្រើន ចាប់អារម្មណ៍ យ៉ាងខ្លាំងទៅលើ សំណើពិភាក្សា របស់ លោកគីមជុងអ៊ុន ថា តើសំណើ ចំពោះ លោកដូណាល់ ត្រាំពេលនេះជាសំណើស្មោះត្រង់បង្កប់ដោយឆន្ទៈពិត ឬមួយ ក៏មានការលាក់កំបាំងអ្វីមួយ?។ ជាមួយ នរណាមិនដឹងទេ តែបើជាមួយកូរ៉េខាង ជើង អ្វីៗអាចនឹងមានការផ្លាស់ប្តូរគ្រប់ពេល និងតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។

ដោយកន្លងមកកូរ៉េខាងជើង ធ្វើអ្វីតាម តែចិត្ត ក៏ដូចជាការនិយាយស្តី ថ្ងៃនេះផ្សេង ថ្ងៃស្អែក ផ្សេង អ៊ីចឹងហើយបានជានៅក្នុងប្រតិកម្មឆ្លើយតបនឹងសំណើសុំជួបរបស់លោកគីម ជុងអ៊ុន លោកដូណាល់ ត្រាំបានបញ្ជាក់ពីការបន្តរក្សាគំនាប និងទណ្ឌកម្មលើកូរ៉េខាងជើងរហូតដល់មានកិច្ចព្រមព្រៀងបិទបញ្ចប់កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងទាំងស្រុង។

ជំហររបស់លោកដូណាល់ ត្រាំរបៀបនេះក៏មានពីខាងភាគីកូរ៉េខាងត្បូង និងពី ជប៉ុនដែលជាសម្ពន្ធមិត្តរបស់អាមេរិក។ ចំណែកនៅខាងចិន និងរុស្ស៊ីដែលជាសម្ពន្ធមិត្តរបស់កូរ៉េខាងជើងបានចូលរួមសាទរ និងចាត់ទុកគំនិតផ្តួចផ្តើមជំនួបរវាងលោកត្រាំ និងលោកគីម ជុងអ៊ុនថា ជាការបោះ មួយជំហានទៅមុខនៅក្នុងវិវាទរវាងក្រុង ព្យុងយ៉ាង និងក្រុងវ៉ាស៊ីនតោន។ យ៉ាងណា ក៏ដោយ និងអ្វីដែលគ្រប់គ្នាចង់ដឹងពេល នេះ គឺថ្ងៃ និងទីកន្លែងរៀបចំជំនួបដែលនៅមិនទាន់បានបញ្ជាក់ជាផ្លូវការ។ អ្វីដែលគេ ដឹង ជំនួបរវាងលោកដូណាល់ ត្រាំ និង លោកគីម ជុងអ៊ុននឹងធ្វើឡើងក្នុងរង្វង់ខែ ឧសភា ពោលគឺនៅក្រោយជំនួបរវាង លោកគីម ជុនអ៊ុន និងលោកមូន ជេអុីន ក្នុងរង្វង់ខែមេសា។

ទាក់ទងនឹងទីកន្លែង គឺនៅបន្តស្រពេចស្រពឹលដោយមានការលើកឡើងថា អាច រៀបចំនៅក្រុងព្យុងយ៉ាង នៅក្រុងវ៉ាស៊ីន តោន នៅតំបន់គ្មានកងទ័ពដែលខណ្ឌចែកកូរ៉េ នៅទីក្រុងប្រទេសទី៣ ដូចយ៉ាងនៅប៉េ កាំង ឬនៅហ្សឺណែវ ឬមួយក៏នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។ តែបើរៀបចំនៅក្រៅឧបទ្វីបកូរ៉េ គឺតម្រូវ ឲ្យលោកគីម ជុងអ៊ុនធ្វើដំណើរចាកចេញពីប្រទេសដែលលោកមិនធ្លាប់ធ្វើទេតាំងពីឡើងកាន់តំណែងនាដំណាច់ឆ្នាំ ២០១១។ គេនៅមិនទាន់ដឹងថា តើកាយវិការរបស់ លោកគីម ជុងអ៊ុនពេលនេះស្មោះត្រង់ ឬ មួយក៏មានបង្កប់ស្អីមួយ?

អ្វីដែលគេអាចនិយាយបាន លោកគីម ជុងអ៊ុនហាក់មានប្រៀបជាង លោក ដូណាល់ ត្រាំ។ មានប្រៀបនៅត្រង់ថា លោកគីម ជុងអ៊ុនដែលទើបមានវ័យ ៣០ឆ្នាំប្លាយ និងជាប្រទេសឯកោមួយ ក្នុងលោក បែរជាអាចសុំជួបលោក ដូណាល់ ត្រាំវ័យ ៧១ឆ្នាំដែលជាប្រធានាធិបតីមហាអំណាចក្នុងលោក។ នេះ ស បញ្ជាក់ឲ្យឃើញថា លោកត្រាំបានចាត់ ទុក និងផ្តល់កិត្តិយសឲ្យលោកគីម ជុងអ៊ុនដូចជាថ្នាក់ដឹកនាំរបស់ប្រទេសមួយចំនួនដែរ។

បន្ទាប់ពីបានប្រមាថ និងដៀមដាមដាក់ គ្នាជាហូរហែមក លោកគីម ជុងអ៊ុនបែរ ជាសុំជួបលោកដូណាល់ ត្រាំ ហើយ លោកត្រាំក៏យល់ព្រមភ្លាមភ្លែត។ នេះពិតជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើល និងគ្មាន នរណាម្នាក់បានរង់ចាំទាល់តែសោះ។ តើមាននរណាម្នាក់នឹកស្មានដល់ទេថា នៅសុខៗ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំវ័យ ៧១ឆ្នាំ និងប្រមុខដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនវ័យ ៣០ឆ្នាំប្លាយបែរជាយល់ព្រមអង្គុយជជែកទល់ មុខគ្នាទៅវិញ។ ពិតណាស់ថា លោកគីម ជុងអ៊ុនជាអ្នកបោះដៃរកលោកដូណាល់ ត្រាំមុនគេដោយផ្ញើសម្តីតាមរយៈលោក Chung Eui-yong ទីប្រឹក្សាសន្តិសុខជាតិ កូរ៉េខាងត្បូងដែលលោកគីម ជុងអ៊ុនបាន ជួបសន្ទនាក្នុងទីក្រុងព្យុងយ៉ាង។

តែគេមិនត្រូវភ្លេចនិយាយទេថា ការ ប្តូរជំហរ ១៨០អង្សារបស់មនុស្សខ្លាំងកូរ៉េខាងជើងគីម ជុងអ៊ុនពេលនេះ គឺជាលទ្ធ ផលបានមកពីការខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូងមូន ជេអុីន។ តាំងពីថ្ងៃឡើងកាន់តំណែង លោកមូន ជេអុីនបានបញ្ជាក់ពីជំហរចង់បង្រួបបង្រួមកូរ៉េតែមួយដោយបោះដៃទៅរកលោកគីម ជុនអ៊ុន។ បន្ទាប់មក ការរំកិល រកគ្នាកាន់តែជិតរវាងបងប្អូនបង្កើតគូសត្រូវទាំងពីរកូរ៉េខាងត្បូង និងកូរ៉េខាងជើងក៏បានធ្វើឡើងតាមរយៈការចូលរួមរបស់ក្រុមកីឡាករកូរ៉េខាងជើងនាឱកាសកីឡាអូឡាំពិករៀបចំក្នុងទឹកដីកូរ៉េខាងត្បូង ជំនួបថ្នាក់ យោធា និងជំនួបរវាងលោក Chung Eui-yong និងលោកគីម ជុងអ៊ុន។

ដំណឹងនៃគម្រោងជំនួបរវាងលោក ដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុនពេលនេះត្រូវបានប្រកាសឲ្យដឹងដោយលោកទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង Chung Eui-yong បន្ទាប់ពីលោកបានជួបសន្ទនាជាមួយលោកគីម ជុងអ៊ុនក្នុងទីក្រុងព្យុង យ៉ាង និងជាមួយលោកដូណាល់ ត្រាំនៅសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន។ មួយ វិញទៀត ការសុំជួបលោកដូណាល់ ត្រាំ ពីលោកគីម ជុងអ៊ុនបានធ្វើឡើងតាមពាក្យ សម្តី ពោលគឺមិនមែនតាមសំបុត្រផ្លូវការទេ ហើយការឆ្លើយយល់ព្រមរបស់លោកត្រាំក៏ធ្វើឡើងតាមពាក្យសម្តីដែរ។

បើតាមលោក Chung Eui-yong និងលោកដូណាល់ ត្រាំ សំណុំរឿងដែល លោកគីម ជុងអ៊ុនត្រៀមខ្លួននឹងលើកទៅ ជជែក គឺទាក់ទងនឹងការបិទបញ្ចប់កម្មវិធី នុយក្លេអ៊ែរកូរ៉េខាងជើងនៅឧបទ្វីបកូរ៉េ ទាំងស្រុង ពោលគឺមិនមែនផ្អាក ឬព្យួរ តែមួយរយៈទេ។ អ្វីដែលបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលកាន់តែខ្លាំងទៀតនោះលោកគីម ជុងអ៊ុនសុខចិត្តលើកយកបញ្ហាដ៏ចម្រូង ចម្រាសមួយនេះទៅជជែកដោយមិនបានដាក់លក្ខខណ្ឌអ្វីទាំងអស់។ ម្យ៉ាងទៀត លោកគីម ជុងអ៊ុនបានសន្យាថា ចាប់ពី ពេលនេះទៅដល់ថ្ងៃជួប លោកនឹងមិនធ្វើការសាកល្បងនុយក្លេអ៊ែរ ឬបាញ់សាកល្បងគ្រាប់មីស៊ីលបាលីស្ទិកអ្វីទាំងអស់។

គួរជម្រាបជូនថាកន្លងមក កូរ៉េខាងជើងធ្លាប់បានសុំចរចាមួយទល់មួយជាមួយ អាមេរិកដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ តែអាមេរិកបានដាក់លក្ខខណ្ឌជាមុនថា កូរ៉េខាងជើងត្រូវបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាមុនសិន។ បន្ទាប់មក នៅមានរឿងសមយុទ្ធប្រចាំឆ្នាំរវាងទ័ពកូរ៉េខាងត្បូង និងអាមេរិកដែលក្រុងព្យុងយ៉ាងតែងបរិហារដោយចាត់ទុកជាការត្រៀមជើងព្រួលចូលវាយប្រហារកូរ៉េខាងជើង។ ក្នុងរឿងនេះ ក៏លោកគីម ជុងអ៊ុនមិនបានលើកឡើងជាលក្ខខណ្ឌនៃគម្រោងជំនួបជាមួយលោកដូណាល់ ត្រាំនាពេលខាង មុខដែរ។ សរុបទៅ លោកគីម ជុងអ៊ុន បានបោះដៃរកលោកដូណាល់ ត្រាំដោយគ្មានដាក់លក្ខខណ្ឌអ្វីទាំងអស់៕ ម៉ែវ សាធី


ចែករំលែក៖