ខេត្តតាកែវ ៖ នៅរសៀលថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តតាកែវ បានសហការគ្នាជាមួយនឹងអជ្ញាធរស្រុកទ្រាំង ចុះឆ្មក់ចាប់បានត្រីប្រហុកដែលនាំ ចូលពីប្រទេសជិតខាងយកមកកែច្នៃដាក់សារធាតុគីមីនៅឃុំអង្គាញ់ ស្រុកទ្រាំង ខេត្តតាកែវបានជិត១តោន កាលពីវេលា ម៉ោង៤រសៀល ។
លោក ប៉ោង លាងគង់ ប្រធានសាខា កាំកុងត្រូលខេត្តតាកែវបានឲ្យដឹង ការចុះឆ្មក់ចាប់ទីតាំងផលិតនិងកែច្នៃប្រហុកដែលនាំចូលពីប្រទេសជិតខាង មានផ្ទុកសារធាតុគីមីហាមឃាត់នេះបានធ្វើឡើងដោយសារតែមានការចូលរួមសហការល្អជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ថាមានការនាំចូល និងកែច្នៃប្រហុកត្រីផ្ទក់ដែលមានផ្ទុកសារធាតុគីមី ហ្វូរមុលលីន ដែលជាថ្នាំម្យ៉ាងសម្រាប់ប្រើលើសាកសពមិនឲ្យមានសភាពស្អុយ រលួយនោះត្រូវគេយកមកដាក់លក់ នៅលើទីតាំងចាស់ដែលធ្លាប់ចាប់ម្តងរួចមកហើយឋិតនៅភូមិឃុំខាងលើ ។
លោកប្រធានសាខាកាំកុងត្រូលបាន បន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនេះរួច ក្រុមការងារមន្ត្រីជំនាញរបស់លោកបានសុំសហការជាមួយនឹង អាជ្ញាធរស្រុកទ្រាំង ចុះទៅពិនិត្យលើទីតាំងកែច្នៃត្រីហុកខាងលើ ខណៈដែលពេល ពិនិត្យត្រីប្រហុកនោះពួកគាត់កំពុងកាប់ ជញ្ជ្រាំឃើញសុទ្ធតែមានផ្ទុកនូវសារធាតុហ្វូរមុលលីនទាំងអស់ ក្នុងនោះមន្ត្រីជំនាញយើងបានឃាត់និងយកមករក្សាទុកបាន ចំនួន៨៤០គីឡូក្រាម រង់ចាំព្រឹកឡើងនឹង ចាត់ការតាមនីតិវិធី ៕ ភ្នំដា