ភ្នំពេញ៖ អាងហែលទឹក យីហោ ពិភពទឹកដ៏អស្ចារ្យ (Fantastic Water World) ដែលមានទីតាំងនៅ ហ្គ្រេនភ្នំពេញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឆក់យកជីវិតក្មេងប្រុសម្នាក់ខណៈក្មេងនោះបានទៅទិញសំបុត្រហែលទឹកលេងនៅទីនោះហើយបានស្លាប់បាត់បង់ជីវិតក្រោយពីបញ្ជួនទៅកាន់មន្ទីពេទ្យគន្ធបុប្ផា។
លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់ភ្នាក់ងារសាព័ត៌មាននគរវត្ត តាមទូរស័ព្ទកាលពីរសៀល ថ្ងៃ អង្គារ ១២ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៨នេះថា ពិតជាមានក្មេងប្រុសម្នាក់លង់ទឹកស្លាប់នៅក្នុងអាងហែលទឹក យីហោ ពិភពទឹកដ៏អស្ចារ្យ (Fantastic Water World) ដែលមានទីតាំងនៅ ហ្គ្រេនភ្នំពេញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រាកដមែនប៉ុន្តែលោកបញ្ជាក់ថាពេលកើតហេតុមិនមានជនរងគ្រោះណាម្នាក់មកប្តឹងសមត្ថកិច្ចទេរហូតមកដល់ពេលនេះ។
លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌបានបញ្ជាក់ថា ករណីក្មេងលង់ទឹកអាងស្លាប់នេះ កើតឡើងតាំងពីរសៀលថ្ងៃអាទិត្យទី១១ ខែមីនា ឆ្នាំ២០១៨មកម្លេះប៉ុន្តែភ្លាមៗ គឺខាងម្ចាស់ទីតាំងមិនបានសហការផ្តល់ព័ត៌មានឱ្យសមត្ថកិច្ចដឹងនោះទេ ទាល់តែមានពលរដ្ឋរាយការណ៍មកលោកទើបដឹងហើយលោកបានចាត់កម្លាំងជំនាញឱ្យចុះទៅស្រាវជ្រាវ ។
លោក ហួរ ម៉េងវ៉ាង បន្ដថា ក្រោយសាកសួរម្ចាស់ទីតាំង សមត្ថកិច្ចរបស់លោកបានរកឃើញថា ពិតជាមានក្មេងប្រុសម្នាក់បានលង់ទឹក នៅក្នុងអាងហែលទឹក ដែលមានទីតាំងខាងលើមែន ហើយក្មេងរងគ្រោះត្រូវបាន ក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា ជាអកុសលក្មេងប្រុសនោះបានស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះនោះ។
លោកថា មកដល់ពេលនេះសមត្ថកិច្ចនៅមិនទាន់អាចស្រាវជ្រាវរកក្រុមគ្រួសារជនរងគ្រោះឃើញនៅឡើយទេ ។ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែល នៅកន្លែងកើតហេតុ និងជាអ្នកជួយសង្គ្រោះក្មេងដែលលង់ទឹកនោះផង បានឱ្យដឹងថា ក្មេងរងគ្រោះមានភេទប្រុស អាយុប្រហែល៥ទៅ៦ឆ្នាំ បានទៅហែលទឹកលេងជាមួយម្តាយមីងម្នាក់ ក្រោយពីហែលទឹកលេងបានមួយសន្ទុះ នៅម៉ោងប្រហែលជា២រសៀលក្មេងនោះបានលង់ទឹក ។
ភ្លាមៗនោះពលរដ្ឋដែលនៅលេងក្បែរនោះបានព្យាយាមជួយសង្គ្រោះដែរ ប៉ុន្តែគ្មានសមត្ថភាពជួយ ក៏បានត្រឹមតែជួយដឹកយកក្មេងរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ តែនៅពេលដល់មន្ទីរពេទ្យ គន្ធបុប្ផា គ្រូពេទ្យក្មេងប្រុសនោះបានស្លាប់បាត់ទៅហើយ ។ ពលរដ្ឋដែលនៅកន្លែងកើតហេតុបានរិះគន់ថា ទីតាំងអាងហែលទឹក យីហោ ពិភពទឹកដ៏អស្ចារ្យ (Fantastic Water World) នៅ ហ្គ្រេនភ្នំពេញ នេះបានលក់សំបុត្រឱ្យភ្ញៀវជាកុមារ ៥ ទៅ៦ដុល្លារ ប៉ុន្តែគ្មានបានដាក់សន្តិសុខ ឬបុគ្គលិកឱ្យចាំមើលក្មេងហែលទឹកក្រែងមានករណីលង់ទឹកនោះទេ ហើយនៅពេលមានក្មេងលង់ទឹក បែបនេះ ម្ចាស់ទីតាំងបែរជាមិនមានអ្នកជំនាញជួយសង្គ្រោះក្មេងឡើយ មានតែខំបិទបាំងព័ត៌មានកុំឱ្យបែកធ្លាយទៅវិញ ៕ តុង សីហា