ខេត្តកំពង់ធំ: យុវជនម្នាក់បានបញ្ចប់ជីវិតដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួនទាំងវ័យក្មេង ធ្វើឲ្យក្រុមគ្រួសារយំសោកសង្រេងសោកស្តាយយ៉ាងខ្លាំង ក្រោយពីខឹងនឹងម្តាយស្តីបន្ទោសបន្តិចបន្តួច ។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅម៉ោង៤និង៣០នាទីល្ងាចថ្ងៃ ចន្ទ ១១ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅក្នុងភូមិព្រេន ឃំុសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
មន្រ្តីនគរបាលស្រុកសណ្ដាន់បានឲ្យដឹងថា ជនរងគ្រោះដែលគិតខ្លីធ្វើអត្តឃាតបានសម្រេចនេះ មានឈ្មោះ រ៉ាន សៅ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ។ជនរងគ្រោះបានប្រើលួសហ្វ្រាំងកង់ ចងភ្ជាប់នឹងដំបូលរោងចងកស្លាប់ក្បែរផ្ទះ ដោយគ្មានសាច់ញាតិណាដឹងទៅជួយទាន់ឡើយ ព្រោះតែខឹងនឹងម្តាយបន្ទោសរឿងដើរលេងមិនគិតជួយធ្វើការងារក្នុងផ្ទះឡើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានទៅដល់កន្លែងកើតហេតុ ពិនិត្យនិងធ្វើកោសល្យវិច័យ ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែនទើបសមត្ថកិច្ចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប្រាថ្នា