ខេត្តកណ្តាល: នគរបាលព្រហ្មទណ្ឌធ្ងន់ និងស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបើកប្រតិបត្តិការ បង្រ្កាបក្រុមចោរប្លន់ទ្រង់ទ្រាយធំមួយចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ដោយបានឃាត់ខ្លួនជនសង្ស័យ៦នាក់ ទាក់ទិនករណីវាយប្លន់យកម៉ូតូ និងបន្តសហការជាមួយនគរបាល ខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង បង្ក្រាបទីតាំងទទួលផលចោរកម្មចំនួន៥កន្លែង ឃាត់មុខសញ្ញាទទួលផលចោរកម្មបាន៦នាក់ថែមទៀត សរុបឃាត់ខ្លួនទាំងអស់បាន ១២នាក់។
កិច្ចប្រតិបត្តិការទ្រង់ទ្រាយធំនេះនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងមានកិច្ចសហការពីស្នងការដ្ឋាននគរបាលកំពង់ស្ពឺ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃផងដែរ និងមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ផងដែរ ។
នគរបាលខេត្តកណ្តាលបានឲ្យដឹងថា ប្រតិបត្តិការធ្វ់ឡើងចាប់តាំងពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ បានក្រុមជនសង្ស័យ ធាក់វាយប្លន់យកម៉ូតូលើកទី១ នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ ២០១៨វេលាម៉ោង៩និង៣០នាទីយប់ នៅចំណុចដីភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ឈៀង ប៉េងសៀន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កសិករ និងប្រពន្ធឈ្មោះ សឿន សម្ភស្ស អាយុ២៥ឆ្នាំ មុខរបរកសិករ អ្នកទាំង២រស់នៅភូមិក្រាំងធ្មៃ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ បានបាត់បង់ម៉ូតូ១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ កណ្តាល 1Y-5246។
លើកទី២ កើតហេតុថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៩និង១៥នាទីយប់ នៅចំណុចផ្លូវជាតិលេខ២ ភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជនរងគ្រោះ ឈ្មោះ អ៊ុ សោភា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិហនុម៉ាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ សម្ភារ:បាត់បង់ម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីឡែត ពណ៌ក្រហមលាយសស៊េរីឆ្នាំ ២០១៨គ្មានស្លាកលេខ (មានសំបុត្រពន្ធ)។
លើកទី៣ កើតហេតុថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទីយប់ នៅចំណុចលើកផ្លូវជាតិលេខ២ ភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ ង៉ែត ម៉ូលីណា ហៅលីន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ នៅផ្ទះ។ សម្ភារ:បាត់បង់ម៉ូតូ១គ្រឿងម៉ាកហុងដា Zoomer-X ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GB-1570 ។
លើកទី កើតហេតុនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១១និង១០នាទីយប់ នៅចំណុចលើផ្លូវជាតិលេខ២ ភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ វ៉ន សារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ បាត់បង់ម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ឧត្តមានជ័យ 1C-6117 ។
ប្រភពដដែលបានឲ្យដឹងទៀតថា ករណីខាងលើនេះសមត្ថកិច្ចចាប់បានជនសង្ស័យ៦នាក់រួមមាន១-ឈ្មោះនឹម គីមហុង ភេទប្រុស អាយុ១៧ឆ្នាំ២-ឈ្មោះអ៉ិត ច័ន្ទមន្នី ភេទប្រុសអាយុ២០ឆ្នាំ ៣-ឈ្មោះ សៀក លីថុង ហៅម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំ៤-ឈ្មោះ ម៉ូតថៃភេទប្រុសអាយុ១៧ឆ្នាំ៥-ឈ្មោះជា សំណាង ភេទប្រុស អាយុ ២១ឆ្នាំ៦-ឈ្មោះ លិត ស៊ីផា ភេទប្រុស អាយុ ២២ឆ្នាំ ។
ដោយឡែកបានរឹបអូសវត្ថុតាងចាប់បានមានស្លាកលេខម៉ូតូ ៣ ( ភ្នំពេញ 1GS-2799) (ភ្នំពេញ 1GI-2551) (ឧ.មានជ័យ 1C-6117) , ទូរសព្ទដៃម៉ាក iPhone5 ចំនួន២គ្រឿង ពណ៌ទឹកប្រាក់ , ម៉ូតូចំនួន ៤គ្រឿង ១.ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ កណ្ដាល 1Y-5246 ២.ម៉ូតូម៉ាកស៊ុយសាគីឡែត ពណ៌ស លាយក្រហមគ្មានស្លាកលេខ ៣.ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ឧត្តមានជ័យ 1C-6117 ៤.ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ឡើងតែមឆ្នាំ២០១៨ ។
យោងតាមចម្លើយរបស់ជនសង្ស័យកម្លាំងជំនាញបានបន្តស្រាវជ្រាវតាមចាប់បក្ខពួកបានម្នាក់ទៀត និងដកហូតចាប់យកម៉ូតូបានចំនួន២គ្រឿង យកមកអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងរួចបានបន្ត ស្រាវជ្រាវរុករកបក្ខពួកនិងសំបុកលាក់ទុកម៉ូតូ (ឡទិញរបស់ចោរ) ។
នៅថ្ងៃទី១៣ មីនា ឆ្នាំ២០១៨ វេលាម៉ោង១០និង៥៨នាទី បានចុះឆែកឆេរទីតាំង ទទួលផលចោរកម្ម និងកែច្នៃម៉ូតូចំនួន៥គោលដៅ ១. ទីតាំងផ្ទះឈ្មោះ ហេង ភក្តី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិ បុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ចំនួនពីរផ្ទះ ដកហូតបានម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1DD-8736 , ស្លាកលេខម៉ូតូចំនួន ៤៣បន្ទះ , រានកណ្ដាលចំនួន ១១ , កញ្ចក់ម៉ូតូមើលក្រោយចំនួន៧គូ , សោម៉ូតូចំនួន ៧០ , កន្រ្តកម៉ូតូចំនួន ២ , ចង្កៀងរថយន្ត២ , ស្រោមចង្កៀងមើលក្រោយ១, មួកការពារ១, ស្លាកលេខរថយន្ត១, ដង្កាប់, ដែកឆាប, ទួណឺវិស, ម៉ាលេត, កូនសោ, ដែកគាស់, កន្រ្តៃ,កន្រ្តកមុខម៉ូតូ, ទូរស័ព្ទណូគារ អិនចុចពិល ១,កាបូបដៃពណ៌ខ្មៅ ១។
២. ទីតាំងផ្ទះឈ្មោះ ឌី បណ្ដូល (ម្តាយរបស់ឈ្មោះ ហេង ភក្តី) ដកហូតបាន ស្លាកលេខម៉ូតូ ចំនួន ១៦ ស្លាក (ខ.ម)១ , ទួណឺវីស, ម៉ាឡេត, កូនសោ,ដែកឆាប,កន្រ្តៃ ផ្សេងៗទៀត, ស្លាកលេខមួយចំនួនទៀត ត្រូវបានឈ្មោះ ហេង ភក្តី បោះចោលទៅក្នុងទឹកស្រះ ដែលមានជម្រៅជ្រៅ មិនអាចរាវរកឃើញ ថ្ងៃក្រោយសមត្ថកិច្ចនឹងឆែកឆេរបន្តទៀត។
៣. ទីតាំង ផ្ទះរបស់ឈ្មោះ ហ៊ុន គន្ធា និងការចូលរួមពីឪពុកក្មេកឈ្មោះ យិន ហ៊ីម ភេទប្រុស អាយុ៦៤ឆ្នាំ ស្នាក់នៅភូមិ បូរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដកហូតបាន ស្លាកលេខរថយន្ត២ បន្ទះ លេខ៖ ភ្នំពេញ 2F-9660 , កាតគ្រីម៉ូតូ ចំនួន ៧សន្លឹក , អត្តសញ្ញាណបណ្ណ ជនជាតិខ្មែរ ចំនួន ៤សន្លឹក ។ ដំណើរការឆែកឆេរផ្ទះខាងលើនេះអវត្តមានមេភូមិ នឹងមេឃុំ (បានអញ្ជើញហើយតែមិនបានចូលរួម)មានទីលំនៅភូមិ បូរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ បន្ទាប់មក ទីតាំងខាងលើនេះបាន ប្រគល់ជូនសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺធ្វើការគ្រប់គ្រងបន្ត។
៤. ទីតាំង ផ្ទះឈ្មោះ ពេជ្រ កង ភេទស្រី ដកហូតបានស្លាកលេខម៉ូតូចំនួន ១សន្លឹក (ភ្នំពេញ 1AD-4382) , កន្រ្តកម៉ូតូចំនួន ២ , កញ្ចក់ម៉ូតូ (A R M) ពណ៌ខ្មៅចំនួន ១, អាវម៉ាក (A R M) ពណ៌ខ្មៅចំនួន ១ , មួកសុវត្ថិភាព ចំនួន ២ (ពណ៌សចំនួន០១, ពណ៌ខ្មៅចំនួន០១) , រណាអារដែកចំនួន ១ , សន្ទះគម្របសាំងម៉ូតូម៉ាកហុងដា Zoomer-X ចំនួន១ ក្រៅពីនោះសមត្ថកិច្ចមិនបានដកហូតអ្វីទេ ។
៥. ទីតាំងផ្ទះជួល ឈ្មោះ ហេង រតនា អាយុ ៣២ឆ្នាំ ត្រូវជាប្រពន្ធរបស់ឈ្មោះ ហ៊ុន គន្ធា អនុញ្ញាតឲ្យសមត្ថកិច្ចកាត់សោទីតាំងផ្ទះលក់ម៉ូតូនៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ទីតាំងជួលមិនស្គាល់ឈ្មោះម្ចាស់ផ្ទះ)។ ទីតាំងនេះមានម៉ូតូ ៤៥ គ្រឿង មានស្លាកលេខ និងប័ណ្ណសម្គាល់ចំនួន ៣៧គ្រឿង ដកហូតបាន ម៉ូតូចំនួន ៨ គ្រឿងមិនមានឯកសារប្រគល់ឲ្យសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺគ្រប់គ្រងបន្ត។
ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការតាមច្បាប់៕ ប្រាថ្នា