ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាទាំងយប់របួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរស២នាក់បានរងរបួសធ្ងន់ ស្រាល ដោយករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូបុកគ្នាពេញទំហឹងលាន់ដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ មេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យកាសែតនគរវត្តដឹងថា អ្នកបើក ម៉ូតូបង្កហេតុមានឈ្មោះ សោម វណ្ណះ ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ សិស្ស រស់នៅ ភូមិ ជង្រុក ឃុំ រមាំងថ្កោល ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ខណៈជិះម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ១K ៩២៩៨ ខូចខាតយ៉ាងដំណំ។

ចំពោះភាគីអ្នកបើកម៉ូតូរងគ្រោះ មានឈ្មោះ ចន វុតធូ ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ វាលយន្ដ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានយុវជនម្នាក់បានជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១J ៣៧៧២ ដោយធ្វើដំណើរពីជើងទៅត្បូង ដល់រង្វង់មូល ស្រាប់តែមានយុវជនម្នាក់បានម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌ស ដោយមិនគោរពសិទ្ធិ អាទិភាពក៏បុកគ្នាពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកសមត្ថកិច្ចបានមកដល់វាស់វែង និងអូសយកមធ្យោបាយម៉ូតូទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាន ក្រុងស្វាយរៀង ព្រមទាំងនាំយកអ្នករបួសសងខាងទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងផងដែរ ៕ យឹម សុថាន


ចែករំលែក៖