ព័ត៌មានទាន់ហេតុការណ៍៖

SCG សហការជាមួយនឹងក្រសួងការងាររៀបចំការប្រកួតសំណង់ទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី១៤ខែមីនាឆ្នាំ២០១៤ -ក្រុមហ៊ុនអេសស៊ីជី (SCG)ដែលជាក្រុមហ៊ុនពហុសាជីវកម្មឈានមុខគេនៅក្នុងតំបន់អាស៊ាននៅថ្ងៃនេះបានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃប្រទេសកម្ពុជាដើម្បីគាំទ្រដល់ការរៀបចំការប្រកួតសំណង់ទូទាំងប្រទេស ដែលប្រព្រឹត្តិទៅនាឆ្នាំនេះដើម្បីជាការបង្កើនជំនាញរបស់ជាងសំណង់ និងលើកកម្ពស់គុណភាពផ្នែកសំណង់ក៏ដូចជាអភិវឌ្ឍន៍ឧស្សាហកម្មសំណង់ជារួមផងដែរ។

តាមរយៈបទពិសោធន៍ច្រើនទសវត្សនៃប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាក្រុមហ៊ុនSCG បានមើលឃើញនូវបញ្ហាប្រឈម ដែលម្ចាស់លំនៅដ្ឋាន និងម្ចាស់គម្រោងសាងសង់តែងជួបប្រទះក្នុងការស្វែងរកជាងសំណង់ ដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ និងមានជំនាញហើយក៏បានមើលឃើញនូវបញ្ហាប្រឈមប្រហាក់ប្រហែលគ្នាសម្រាប់ជាងសំណង់ ដែលមានទេពកោសល្យ និងមានការបណ្ដុះបណ្ដាលត្រឹមត្រូវក្នុងការទទួលបាននូវប្រាក់ឈ្នួលល្អប្រសើរសម្រាប់ទឹកដៃការងារ ដែលមានគុណភាពរបស់ខ្លួន។

ការរៀបចំនូវការប្រកួតទូទាំងប្រទេសនេះនឹងធ្វើតេស្តលើជំនាញរបស់ជាងសំណង់សម្រាប់ការងារបូកស៊ីម៉ង់ត៍ និងប្រក់ដំបូលហើយនេះជាផ្នែកមួយនៃយុទ្ធនាការ ដែលគាំទ្រដល់ចក្ខុវិស័យរបស់SCG ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេសកម្ពុជាតាមរយៈការបណ្ដុះបណ្តាលការអប់រំ និងការលើកកម្ពស់បទដ្ឋានសំណង់។

យុទ្ធនាការនេះបានចាប់ផ្ដើមកាលពីដើមខែនេះតាមរយៈការសម្ពោធនូវគម្រោងបណ្ដុះបណ្ដាលជាងសំណង់ ដែលបានចាប់ផ្ដើមបណ្ដុះបណ្ដាលជាងសំណង់លើផ្នែកបូកស៊ីម៉ង់ត៍ និងប្រក់ដំបូល ដែលការបណ្ដុះបណ្ដាលនេះធ្វើឡើងនៅឯវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួនពីរនៅក្នុងរាជធានីភ្នំពេញ។

សិក្ខាកាម ដែលបានឆ្លងកាត់គម្រោងបណ្ដុះបណ្ដាលជាងសំណង់នេះនឹងមានសិទ្ធិចូលរួមនៅក្នុងការប្រកួត ដែលនឹងរៀបចំនៅក្នុងឆ្នាំនេះក្នុងគោលបំណងបង្ហាញដល់ម្ចាស់លំនៅដ្ឋាន និងម្ចាស់គម្រោងសាងសង់បានឃើញនូវជាងសំណង់ ដែលមានជំនាញត្រឹមត្រូវ។

លោកស៊ុម វ៉ាងម៉ាន់ពីមុនឆៃ (SomwangManpimonchai) នាយកក្រុមហ៊ុនSCG ប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ “យុទ្ធនាការនេះឆ្លុះបញ្ចាំងឲ្យឃើញពីចក្ខុវិស័យរបស់យើងក្នុងការផ្ដល់នូវមធ្យោបាយមានប្រយោជន៍សម្រាប់ម្ចាស់លំនៅដ្ឋានម្ចាស់គម្រោងសាងសង់ និងជាងសំណង់ផង ដែលអនុញ្ញាតឲ្យពួកគេអាចស្វែងរកអ្នក ដែលមានជំនាញត្រឹមត្រូវសម្រាប់ការងារសំណង់។យើងមានមោទនភាព និងមានកិត្តិយស ដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីរៀបចំនូវការប្រកួតនេះឡើង”។

ការប្រកួតជម្រុះនៅតាមខេត្តសម្រាប់ផ្នែកបូកស៊ីម៉ង់ត៍នឹងត្រូវបានធ្វើឡើងនៅតាមទីរួមខេត្តសំខាន់ៗទូទាំងប្រទេសហើយអ្នកឈ្នះក្នុងវគ្គជម្រុះនោះនឹងចូលរួមក្នុងការប្រកួតចុងក្រោយ ដែលរៀបចំដោយSCG ក្នុងរាជធានីភ្នំពេញនៅចុងឆ្នាំនេះផងដែរ។ចំណែកឯការប្រកួតផ្នែកប្រក់ដំបូលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនៅខែធ្នូឆ្នាំ២០១៨នេះ។

ទាំងនៅក្នុងវគ្គបណ្ដុះបណ្ដាល និងក្នុងការប្រកួតជាងសំណង់នឹងប្រើប្រាស់នូវផលិតផលគុណភាពខ្ពស់ចុងក្រោយរបស់SCG មានដូចជាស៊ីម៉ង់ត៍ខេ-ស៊ីមេន និងក្បឿងSCG ជាដើម។សិក្ខាកាម ដែលចូលរួមនឹងទទួលបានវិញ្ញាបនប័ត្របញ្ជាក់ការបណ្ដុះបណ្ដាលពីគម្រោងនេះខណៈ ដែលជ័យលាភីចុងក្រោយនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ចំនួន២លានរៀល និងអាចចូលរួមដំណើរទស្សនកិច្ចអប់រំទៅកាន់ប្រទេសថៃ ដែលរៀបចំដោយក្រុមហ៊ុនSCG ផងដែរ។

លោកស៊ុមវ៉ាងមានមានប្រសាសន៍ទៀតថា៖“នេះជាឱកាសដ៏ល្អសម្រាប់ជាងសំណង់ ដែលបានឆ្លងកាត់ការបណ្ដុះបណ្ដាលក្នុងគម្រោងបណ្ដុះបណ្ដាលជាងសំណង់របស់យើង ដែលត្រូវបង្ហាញជំនាញសំណង់របស់ខ្លួនហើយកសាងកិត្តិនាមរបស់ខ្លួនផងដែរ។កិត្តិនាមកាន់តែល្អមានន័យថាមានការងារកាន់តែច្រើន និងប្រាក់ចំណូលកាន់តែខ្ពស់។សម្រាប់ម្ចាស់លំនៅដ្ឋាន និងម្ចាស់គម្រោងសាងសង់វិញពួកគេច្បាស់ជាទុកចិត្តចំពោះលទ្ធផលការងារប្រសិនបើពួកគេជ្រើសរើសយកជាងសំណង់ ដែលមានការបញ្ជាក់ត្រឹមត្រូវចេញពីការប្រកួតនេះ”។

លោក ឡៅ ហ៊ីម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈបានស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុនSCG ។លោកបានមានប្រសាសន៍ថា៖“គោលបំណងនៃការប្រកួតប្រជែងជំនាញនេះដើម្បីលើកទឹកចិត្តដល់ជាងសំណង់ក្នុងការអភិវឌ្ឍន៍ជំនាញក្នុងប្រទេសកម្ពុជាឲ្យឈានដល់កម្រិតអន្តរជាតិតាមរយៈការប្រកួតប្រជែងជំនាញដោយប្រើប្រាស់នូវចំណេះដឹងជំនាញពីការបណ្តុះបណ្តាល និងបទពិសោធន៍តាមការដ្ឋាន”៕ វឌ្ឍនា


ចែករំលែក៖