ព័ត៌មានទាន់ហេតុការណ៍៖

ភ្លេចពន្លត់ភ្លើងចង្ក្រានមុនចូលដែក ដល់កណ្តាលយប់ភ្លើងបំផ្លាញផ្ទះឈើមួយខ្នង

ចែករំលែក៖

ខេត្តព្រៃវែង ៖ ភ្លើងចង្ក្រានបានបំផ្លាញផ្ទះ ឈើប្រក់ហ្វីប្រូស៊ីម៉ងត៍ ជញ្ជាំងស្លឹក ទំហំ៥គុណ៦ម៉ែត្រមួយខ្នង អស់ទាំងស្រុង ព្រមទាំងបណ្ដាលឲ្យម្ចាស់ផ្ទះ២នាក់ម្តាយកូនរងរបួសរលាកពេញដៃជើងផងដែរ ដោយសារមុនចូលដេកប្រហែសពេកមិនបានពន្លត់ភ្លើងចង្ក្រានឲ្យបាន ត្រឹមត្រូវ ។

ហេតុការណ៍មានអគ្គិភ័យ នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃ ពុធ ១៣ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង បណ្ដាលឲ្យម្ចាស់ផ្ទះឈ្មោះ បាក់ ស្រីម៉ៅ ភេទស្រី អាយុ៣៧ឆ្នាំ រងរបួសរលាកដៃស្តាំ និងកូនប្រុសឈ្មោះ ញ៉េត បញ្ញា អាយុ៤ឆ្នាំ រងរបួសរលាកដៃស្តាំ និងក្បាលផ្នែកខាងលើ ចំណែកការខូចខាតគិតជាទឹកប្រាក់សរុប២៥លានរៀល ។

តាមសម្តីម្ចាស់ផ្ទះបានរាយការណ៍ប្រាប់សមត្ថកិច្ចបានថា នៅយប់មុនកើតហេតុនោះ រូបគាត់បានធ្វើម្ហូបហូបបាយនៅចង្ក្រានបាយលើផ្ទះហើយ ក្រោយពីធ្វើម្ហូបឆ្អិនហើយ ក៏នាំគ្នាហូបបាយជាមួយគ្នា២នាក់ម្តាយកូន ដោយមិនបានពន្លត់ភ្លើងចង្ក្រានទេ។ ក្រោយពេលហូបបាយរួចក៏នាំគ្នាចូលមុងដេកតែម្តង លុះពេលដេកបានមួយសន្ទុះក៏ស្រាប់តែមានមានកម្តៅខ្លាំងក្នុងផ្ទះ ពេលភ្ញាក់បើកភ្នែកមើលក៏ឃើញភ្លើងឆេះដល់មុងទៅហើយ ទើបគាត់នាំកូនស្ទុះរត់ចេញពីមុងចុះមកក្រោមផ្ទះនិងស្រែកហៅឲ្យអ្នកស្រុកជិតខាងជួយទាំងភិតភ័យខ្លាំង ។

នគរបាលស្រុកពាមរក៍បានឲ្យដឹងថា ក្រោយពេលទទួលបានព័ត៌មាន នេះភ្លាម រថយន្តពន្លត់អគ្គិភ័យ និងកម្លាំងអធិការនគរបាលស្រុកពាមរក៏ បានចេញទៅជួយធ្វើអន្តរាគមន៍ដែរ ប៉ុន្តែដោយសារតែផ្ទះនេះធ្វើពីឈើ និងជញ្ជាំងស្លឹកទៀតធ្វើឲ្យភ្លើងឆាបឆេះលឿន ទើបមិនអាចជួយទៅសង្គ្រោះទាន់គឺបានត្រឹមជួយបាញ់ទឹកពន្លត់រងើកភ្លើងកុំឲ្យឆេះឆ្លងរាលដាលទៅផ្ទះអ្នកជិតខាងឯទៀត ប៉ុណ្ណោះ គ្រាដែលម្ចាស់ទ្រហោរយំស្តាយផ្ទះនិងទ្រព្យក្លាយជាចំណីភ្លើងតែមួយភ្លែត៕ ប្រាថ្នា


ចែករំលែក៖