ព័ត៌មានទាន់ហេតុការណ៍៖

ឃុំខ្លួនបុរសតៃវ៉ាន់ជាប្រុសកំណាន់តារាស្រីខ្មែរម្នាក់ ពីបទក្បត់ទំនុកចិត្ត

ចែករំលែក៖

ភ្នំពេញ កាលពីរសៀលថ្ងៃ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសូងមហាផ្ទៃបានបញ្ជូន ជនសង្ស័យម្នាក់ឈ្មោះ ហុង ម៉ីឈុន ជាជនជាតិតៃវ៉ាន់ ដែលល្បីល្បាញថា ជាប្រុសកំណាន់របស់តារាស្រីខ្មែរម្នាក់ មកសាលាដំបូងរាជធានីភ្នំពេញ។ សំណុំរឿងនេះស្ថិតនៅដៃលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសាកសួរ និងបានសម្រេចចោទប្រកាន់ជាផ្លូវការពីបទរំលោភលើទំនុកចិត្ត ។ បុរសជនជាតិតៃវ៉ាន់រូបនេះឈ្មោះ ហុង ម៉ីឈុន អាយុ៣៣ឆ្នាំ មុខរបរពាណិជ្ជករស្នាក់នៅអាផាតមិនរ៉ាតាណាក់ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ បានត្រូវសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសូងមហាផ្ទៃឃាត់ខ្លួនកាលពីថ្ងៃទី៩ ខែមីនា តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

សមមត្ថកិច្ច នគរបាលព្រហ្មទណ្ឌក្រសូងមហាផ្ទៃបានឲ្យដឹងថា ឈ្មោះ ហុង ម៉ីឈុន មានទំនាក់ទំនងដូរប្រាក់ដុល្លារអាមេរិកដូរយកប្រាក់ចិនជាមួយឈ្មោះ តាន់ ហ៊ុយជីង ជាយូរមកហើយដោយដូរម្តងៗចំនួន៣ម៉ឺនដុល្លារអាមេរិក ។ លុះដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ឈ្មោះហុង ម៉ីឈុន បានឲ្យឈ្មោះ តាន់ ហ៊ុយជីងដូរប្រាក់ចំនួន៥០ម៉ឺនដុល្លារដោយផ្ញើចូលគណនីនៅធនាគារចំនួន២នៅក្រុងភ្នំពេញ។ ដោយមានការជឿជាក់ឈ្មោះ តាន់ហ៊ុយជីង បានយកប្រាក់ចំនួន៥០ម៉ឺនដូរប្រាក់ចិនរួចផ្ញើចូលគណនីនោះ ។ ប៉ុន្តែមិនឃើញឈ្មោះ ហុង ម៉ីឈុន ផ្ញើប្រាក់ចំនួន៥០ម៉ឺនដុល្លារមកវិញទេ។ ចាប់ពីពេលនោះមកជននេះក៏គេចខ្លួនរហូត ទើបឈ្មោះ តាន់ ហ៊ុយជីង សម្រេចចិត្តដាក់ពាក្យប្តឹងតែម្តង ដើម្បីឲ្យសមត្ថកិច្ចនិងតុលាការចាត់ការតាមច្បាប់ តែម្តង ៕ សហការី


ចែករំលែក៖