ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនអតីតមន្រ្តីយោធាម្នាក់តាមដីការបស់តុលាការ ពាក់ព័ន្ធកាន់កាប់គ្រាប់បែកនៅមន្ទីរពេទ្យជោរៃកាលពីជិត១ឆ្នាំមុន

ចែករំលែក៖

ភ្នំពេញ៖ ជនត្រូវចោទជាអតីតមន្រ្តីយោធាម្នាក់ ពាក់ព័ន្ធបទល្មើស កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតនៅចំណុចមន្ទីរពេទ្យជោរៃ កាលពីជិតមួយឆ្នាំមុន ហើយថ្មីៗនេះ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួនបាន។

ការឃាត់ខ្លួនបុរសត្រូវចោទដែលជាអតីតមន្រ្តីយោធាខាងលើនេះបានធ្វើឡើង តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក សេង លាង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសំណុំរឿងកាន់កាប់អាវុធខុសច្បាប់ ក្រោយពីបុរសនេះ បានរត់គេចខ្លួនមួយរយៈ។

ជនត្រូវចោទត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃ សុក្រ ១៥ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្រោមការសាកសួររបស់លោក សេង លាង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ មុនពេលសម្រេចថា ត្រូវឃុំខ្លួន ឬមិនឃុំខ្លួន នោះ។

សមត្ថកិច្ចបានឱ្យដឹងថា ជនត្រូវចោទមានឈ្មោះ ម៉ុម ធី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ DJ នៅក្លឹបមួយក្នុងក្រុងភ្នំពេញ និងជាអតីតមន្ត្រីយោធា មានទីលំនៅភូមិទឹកចេញ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបន្តថា ជនត្រូវចោទត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធបទល្មើស កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចមន្ទីរពេទ្យជោរៃ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងនៅចំណុចសណ្ឋាគារមេគង្គវីយូ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ផងដែរ ៕ ប្រាថ្នា


ចែករំលែក៖