ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រវឹងជិះម៉ូតូដួលស្លាប់ខ្លួនឯងនៅកណ្តាលស្រែគ្មានអ្នកណាដឹង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ: ប្រជាពលរដ្ឋ បានប្រទះឃើញសពបុរសម្នាក់ដេកស្លាប់តែម្នាក់ឯងនៅកណ្តាលស្រែ ក្រោយពីបានជិះម៉ូតូដួលស្លាប់ ដោយគ្មាននរណាម្នាក់បានដឹង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣៥នាទីព្រឹកថ្ងៃ សុក្រ ១៥ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកគងពិសី បានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ សៅ សុំ អាយុ៣៣ឆ្នាំ ភេទប្រុស ស្នាក់នៅភូមិកើតហេតុខាងលើ បានដេកស្លាប់នៅកណ្តាលស្រែខាងលិចផ្ទះរបស់ខ្លួនចម្ងាយប្រមាណ ២០០ម៉ែត្រ។

បើតាមការពិនិត្យសាកសពរបស់ក្រុមជំនាញនគរបាលស្រុកគងពិសីបានឲ្យដឹងថា សាកសពឃើញ មានស្លាកស្នាមកោសរលាត់កែងដៃឆ្វេង និងខ្នងជើងឆ្វេងដែលជនរងគ្រោះជិះម៉ូតូដួលខ្លួនឯង កាលពីថ្ងៃ ព្រហស្បតិ៍១៤ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ។

បើតាមការបញ្ជាក់ពីសាច់ញាតិសាកសពបានឲ្យដឹងថា មុនពេលស្លាប់ជនរងគ្រោះបានផឹកស្រាស្រវឹងជាប្រចាំ ហើយជាមនុស្សមិនសូវមានក្រុមគ្រួសារយកចិត្តទុកដាក់ ព្រោះគាត់ជាបុរសពោះម៉ាយ គ្មានកូនចៅនៅក្បែរ ។

ក្រោយ ធ្វើកោសល្យវិច័យលើសាកសពរួច សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង ប្រាកដមែន រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី


ចែករំលែក៖