ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងបើកលឿនទៅបុកគល់ត្នោតស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និង ម្នាក់ទៀតបានរងរបួសធ្ងន់សន្លប់ស្តូកស្តឹង បន្ទាប់ពីជនរងគ្រោះទាំងពីរនាក់បានជិះម៉ូតូឌុបគ្នាក្នុងស្ថានភាពស្រវឹងជោគជាំ បើកយ៉ាងលឿនជ្រុលទៅបុកគល់ត្នោត ។ ហេតុការណ៍នេះ បានកើតឡើងកាលពីនៅវេលាម៉ោង២៣និង៣៥នាទីថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅភូមិពារាជ ឃុំសេដ្ផីស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះ ម្នាក់ឈ្មោះ ល្លាប ប៉ុត ភេទប្រុស អាយុ២៨ឆ្នាំរស់នៅភូមិខ្នាចឃុំសេដ្ផី សុ្រកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ជាអ្នកបើកបរ ស្លាប់នៅនឹងកន្លែងនិង ម្នាក់ទៀតឈ្មោះ បុស ផេង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិជាមួយគ្នារងរបួសធ្ងន់ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់បានជិះម៉ូតូម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ ១FQ-៣៦១៧ បើកបរពីទិសកើតទៅលិច ក្នុងស្ថានភាពស្រវឹងជោកជាំ លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកគល់ត្នោតបណ្តាលឲ្យ អ្នកបើកបរផ្លោងបោកគល់ត្នោតបាក់ក(ស្លាប់)នៅកន្លែងកើតហេតុ និងម្នាក់ទៀត ដែលរួមដំណើរជាមួយរងរបួលធ្ងន់ ។

ក្រោយពេលកើតហេតុ អ្នករងរបួលត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រទ្បាច ។ ចំណែក ជនរងគ្រោះ ដែលស្លាប់ត្រូវបាននក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត ចំពោះវត្តុតាងត្រូវបានកម្លាំង ប៉ុស្តិ៍រដ្ផបាលឃុំសេដ្ផីយកមករក្សាទុក ៕ ចន្ថា


ចែករំលែក៖