ខេត្តកំពង់ធំ ៖ កីឡា baseball គឺជាកីឡាមួយថ្មី សម្រាប់កម្ពុជា តែមានអ្នកកីឡានេះ សុទ្ធតែល្អៗ និងមានសមត្ថភាព ប៉ុន្តែបញ្ហា ដែលកំពុងជួបប្រទះនោះគឺ សម្ភារៈ អ្នកបច្ចេកទេស និងគ្រូបង្វឹក។
លោក ហែម ថាវី ម្ចាស់ទីលាន កីឡា baseball នៅខេត្តកំពង់ធំ បានអោយដឹងថា កីឡា baseball នាំចូលមកកម្ពុជា កាលពីឆ្នាំ២០០២ ប៉ុន្តែពេលនោះ ក្នុងរូបភាពជា NGO មួយទេ។ រហូតដល់ឆ្នាំ២០១០ មានបញ្ហា ថវិកា ពីព្រោះ ការបង្កើត កីឡា baseball នៅកម្ពុជានេះ គឺសុទ្ធតែជា ថវិកាផ្ទាល់ខ្លួន គ្មានជំនួយទេ ទើបបានបែកខ្ញែកគ្នា អស់ទៅ។
លោក ហែម ថាវី បន្តថា ប៉ុន្មានខែក្រោយមកទៀត ក្នុងឆ្នាំ២០១០ ដដែល បានប្រមូលមកវិញ និងបានចុះឈ្មោះ នៅក្រសួងអប់រំ ហើយបានក្លាយជាសមាជិក គណៈកម្មការជាតិអូឡាំពិក និងមានអាគារទីស្នាក់ការផងដែរ។ កាលពីដំបូង មានតែមួយក្រុមទេ ប៉ុន្តែ រហូតមកដល់បច្ចុប្បន្ននេះ មានចំនួន១២ក្រុម ដោយនៅភ្នំពេញ មាន៥ក្រុម នៅបាល្ល័ង មាន៣ក្រុម នៅកំពង់ស្ពឺមាន១ក្រុម ក្រុងព្រះសីហនុ មាន១ក្រុម នៅប៉ោយប៉ែត មានន១ក្រុម នៅបាត់ដំបងមាន១ក្រុម នៅខេត្តកណ្តាលមាន១ក្រុម។
លោកបន្ថែមថា យើងមានគម្រោងពង្រីក ក្រុមកីឡា baseball បន្ថែមទៀត ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ប៉ុន្តែ បច្ចុប្បន្ន យើងកំពុងខ្វះខាត សម្ភារៈ អ្នកបច្ចេកទេស និងគ្រូបង្វឹក។
លោក វីលៀម ហៃដ៍ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅឯទីលាន កីឡា baseball ខេត្តកំពង់ធំ កាលពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៨ ថា កីឡា baseball វាងាយស្រួលលេងជាកីឡាបាល់ទាត់ ដោយចំណាយអ្នកលេងតែ៩នាក់ ប៉ុណ្ណោះក្នុងមួយក្រុម ពេលប្រកួត។ ក្នុងការលេង កីឡា ត្រូវមានការសាមគ្គីគ្នា ហើយកីឡា អាចធ្វើអោយ សុខភាព យើងល្អ រឹកមាំ និងការលូតលាស់រាងកាយក៏ល្អដែរ៕ ស តារា