ខេត្តកំពង់ធំ៖ ផ្ទះមួយខ្នងត្រូវបានឆេះរាលដាលពីអ្នកដុតព្រៃ កាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចខាងកើតផ្នែកមេព្រៃកំពង់ថ្ម ជាប់របងសាលាស្ទឹងជីនិតក្នុង ភូមិត្រស់ ឃុំបល្ល័ង្ក ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មាន ពីសមត្ថកិច្ច បានឲ្យដឹងថា ភ្លើងព្រៃរាលឆេះផ្ទះដែលទុកចោលគ្មានម្ចាស់នៅជាច្រើនឆ្នាំមកហើយ មានទំហំ៤ម៉ែត្រគុណ៤៥ម៉ែត្រ ធ្វើពីឈើ ប្រក់ក្បឿង ម្ចាស់ឈ្មោះ សឿន ភេទប្រុស អាយុ ប្រហែល ៦៧ឆ្នាំ រាល់ថ្ងៃទៅរស់នៅ ភូមិ ត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
លោក ហន់ ថាល អធិការរងស្រុកបារាយណ៍បានឲ្យដឹងថា ក្នុងកិច្ចសម្ភាសថា ករណីភ្លើងឆេះព្រៃនេះពុំបានដឹងច្បាស់ទេ ថាភ្លើងឆេះព្រៃដោយសារ ក្មេងយកឃ្មុំ ឬ ក៏ មានអ្នកលួចដុតនោះទេ ចំណែកផ្ទះដែលឆេះនោះម្ចាស់បានទុកចោល ជាង១០ឆ្នាំហើយ ពុំមានមនុស្សរស់នៅទេ ហើយក៏ពុំមានអ្នកណាមកប្ដឹងទារសំណង់អ្វីដែរ ៕ ប៊ុនរិទ្ធី