ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ង់ត៍បើកទាក់ខ្សែភ្លើងបាក់បង្គោលភ្លើងមួយដើម និងដើមឈើមួយដើមទៀត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនTPI មួយគ្រឿងបានបើកទាក់ខ្សែភ្លើងកាត់ទទឹងផ្លូវបណ្តាលឲ្យបាក់បង្គល់ភ្លើងមួយដើម និងដើមខុបមួយដើមទៀតរលើងដោយទាំងឫសតែម្តង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចខាងត្បូងក្រសួងដែនដីនគរូបនីយកម្ម និងសំណង់តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ៤៣៦ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំកាមន រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍ ក្រុមហ៊ុនTPI ពាក់ស្លាកលេខ ភ្នំពេញ 5A 0959 បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចផ្លូវលេខ៤៣៦ ក៏បានបត់ចូលស្តាំទៅលិច ស្រាប់តែទាក់ខ្សែភ្លើងដែលកាត់ទទឹងផ្លូវបណ្តាលឲ្យបាក់បង្គោលភ្លើងមួយដើម និងដើមក្រខុបមួយទើបទៀតរលើងទាំងឫសតែម្តងរងការខូចខាត តែមិនមានអ្នករងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងនគរបាលជំនាញមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖