ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនបុកសួនច្បារពុះចែកទ្រូងដួលបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូមិនប្រយ័ត្នបានរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃពុធ ៥ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៣-២៤ ស្ថិតក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។

មន្ដ្រីនគរបាលចរាចរស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ង៉ាក់ ហាក់ឡេង ភេទ ប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BU-4901 ។ជនរងគ្រោះបានជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ។ លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតបុកឃឿនសួនច្បារពុំចែកទ្រូងផ្លូវ បណ្តាលឲ្យដួលបោកក្បាលទៅនឹងផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ។

ក្រោយមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលចរាចរស្រុកបានចុះទៅដល់ពិនិត្យនិងវាស់វែង រួចបានបញ្ជាក់ថា ករណីនេះគឺបណ្ដាលមកពីជនរងគ្រោះជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន ទើបបានជារេចង្កូតបុកឃឿនសួនច្បារដួលដោយខ្លួនឯងស្លាប់យ៉ាងនេះ រួចបាន ប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី


ចែករំលែក៖