ព័ត៌មានទាន់ហេតុការណ៍៖

លោក កេត ម៉ៅ អភិបាលស្រុកសំរោង ខេត្តតាកែវរងការចោទថាបានឃុបឃិតអនុញ្ញាតឲ្យសាងសង់ស្ថានីយប្រេងឥន្ធនៈជាច្រើនកន្លែងគ្មានច្បាប់អនុញ្ញាត

ចែករំលែក៖

ខេត្តតាកែវ ៖ ក្រុមមន្ត្រីមូលដ្ឋានក៏ដូចជាប្រជាពលរដ្ឋបានឲ្យដឹងកាលពីពេលថ្មីៗនេះថា អភិបាលស្រុកសំរោងគឺលោក កេត ម៉ៅ បានអនុញ្ញាតឲ្យមានការសាងសង់ ស្ថានីយប្រេងឥន្ធនៈនៅភូមិព្រៃទទឹង ឃុំ-ស្រុកសំរោងខេត្តតាកែវដោយពុំមានច្បាប់អនុញ្ញាតពីស្ថាប័នជំនាញឡើយ។ តាម សេចក្ដីរាយការណ៍ថា អភិបាលស្រុករូបនេះបានទទួលកញ្ចប់លុយខ្ទង់ម៉ឺនដុល្លារជាថ្នូរឲ្យមានការសាងសង់ស្ថានីយប្រេងនៅទីប្រជុំជនដែលប្រកបដោយហានិភ័យនេះ។

ជុំវិញករណីខាងលើលោក ហុង ឡាក់ ប្រធានការិយាល័យភូមិបាល និងសុរិយោដីស្រុកសំរោងបានឲ្យដឹងថា ស្ថានីយប្រេងនោះពិតជាមិនមានច្បាប់អនុញ្ញាតទេ ហើយលោកបានចេញលិខិតឲ្យផ្អាកការ សាងសង់តែម្ចាស់ស្ថានីយមិនព្រមស្ដាប់។ ចំណែករឿងម្ចាស់ស្ថានីយប្រេងត្រូវរ៉ូវគ្នាជាមួយលោកអភិបាលស្រុកនិងមានបង់លុយនោះលោកអត់ដឹងទេ ។

លោក កេត ម៉ៅ អភិបាលស្រុកសំរោងបានថ្លែងទទួលស្គាល់ថា លោកពិតជាបានអនុញ្ញាតឲ្យសាងសង់ស្ថានីយប្រេងខាងលើមែនដោយមានការឯកភាពពីមន្ទីរ សុរិយោដីខេត្តតាកែវ។ លោកបានបន្តថា ម្ចាស់ស្ថានីយប្រេងខាងលើមិនចាំបាច់ធ្វើច្បាប់ពីមន្ទីររ៉ែ និងថាមពលទេ ព្រោះវាមិនពាក់ព័ន្ធអី្វនឹងមន្ទីរនេះផងហើយទាក់ទងរឿងចោទថា លោកយកលុយជាថ្នូរនឹងការសាងសង់នោះលោកនឹងស្រាវជ្រាវ ។

ប៉ុន្តែយ៉ាងណាក៏ដោយលោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវបាន បញ្ជាក់ថា ការលើកឡើងរបស់លោក កេត ម៉ៅ គឺខុសយកតែរួចខ្លួន។ ដោយលោក បញ្ជាក់ថា តើស្ថានីយប្រេងណាដែលមិន មានច្បាប់អនុញ្ញាតពីក្រសួងរ៉ែលោកនឹងស្នើឲ្យបិទអាជីវកម្មស្ថានីយប្រេងនោះ ។

បើតាមសេចក្តីរាយការណ៍ប្រាប់ថា ស្ថានីយប្រេងកើតថ្មីៗជាច្រើនកន្លែងផ្សេង ទៀតក្នុងភូមិសាស្ត្រស្រុកសំរោងសុទ្ធតែ មិនមានច្បាប់អនុញ្ញាតដោយគ្រាន់តែខ្សឹប ខ្សៀវក្រោមតុជាមួយលោកអភិបាលស្រុក គឺជាការស្រេច ៕ ហេង សូរិយា

 


ចែករំលែក៖