ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន និងលោកឯកអគ្គរដ្ដទូតជចិន នាឱកាសសម្តេចអញ្ជើញបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១ តភ្ជាប់ពីអ្នកលឿង ទៅកាន់ថ្នល់ទទឹង ខេត្តត្បូងឃ្មុំប្រវែងជាង ៩៦គីឡូម៉ែត្រ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ
-សម្តេចតេជោ ហ៊ុន សែន តាមរយៈលោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ តាមសុភាសិតខ្មែរ«មានផ្លូវ គឺមានសង្ឈឹម» និងសុភាសិតចិន«បើចង់មានបានត្រូវធ្វើផ្លូវជាមុន»។
-លោកស្យុង ប៉រ ឯកអគ្គរដ្ឋទូតចិន៖ ជំនួយរបស់ចិន គឺជាជំនួសដោយសមធម៌ សុច្ចរិតភាព បើកចំហ គ្មានលក្ខខ័ណ្ឌ និងមិនស្ថិតនៅក្រោមស្ថានភាពនយោបាយណាមួយឡើយ«ជួយកម្ពុជា គឺជួយដោយស្មោះស្ម័គ្រ»។
-សម្តេចតេជោ ហ៊ុន សែន៖ នៅឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរចិនជាង១លាន២សែននាក់ និងបន្តកើនឡើងជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ។ មហិច្ចតារបស់យើង គឺចង់បានទេសចរចិនពី២ទៅ៣លាននាក់ តាមរយៈការបើកជើងហោះហើរត្រង់ពីកម្ពុជាទៅកាន់ខេត្ត-ក្រុងនានាជាច្រើនរបស់ចិន។
-សម្តេចតេជោ ហ៊ុន សែន៖ យើងពិតជាមានមោទនភាព ដែលកម្ពុជា-ចិន មានកុងសុងស៊ីសក្នុងបញ្ហានយោបាយរវាងប្រទេសទាំងពីរ។យើងសប្បាយចិត្តដែលចិនមានបាន។ ភាពមានបានរបស់ចិន ក៏បានចូលរួមចំណែកអភវឌ្ឍន៍ប្រទេសនៅក្នុងតំបន់រួមទាំងកម្ពុជាផងដែរ។
-សម្តេចតេជោ ហ៊ុន សែន៖ យើងមានទំនាក់ទំនងល្អជាចិន គឺមិនខុសទេ ហើយវាក៏ស្របតាមព្រះរាជគន្លងរបស់សម្តេចឪ ព្រះបរមរតនកោដ្ឋ ព្រះបីតាជាតិយើងផងដែរ។ សម្តេចឪមានទំនាក់ទំនងល្អជាមួយចិន តាំងពីចិនមិនទាន់ចូលអង្គការសហសហប្រជាជាតិមកម្លេះ គឺតាំងជំនាន់មេដឹកនាំចិនសម័យមុនៗ…ម៉ៅសេទុង ជូអីនឡាយ…!!!
-សម្តេចតេជោ ហ៊ុន សែន៖ កាលពីម្សិលម៉ិញ ពួកឧទ្ទាមនៅប្រទេសម៉ាលី បានវាយឆ្មក់ចូលបន្ទាយកងរក្សាសន្តិភាពកម្ពុជានៅម៉ាលី តែមិនបណ្តាលឱ្យកងរក្សាសន្តិភាពកម្ពុជារងរបួស ឬស្លាប់ឡើយ។ទន្ទឹមនឹងនោះកងទ័ពបារាំង៣នាក់បានរងរបួស ហើយបារាំងក៏បានអន្តរាគមន៍ភ្លាមៗ។ ខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រទេសនេះ។
-សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋយើង ដែលមានកូន ចៅ ឪពុក ប្តី ទៅបំពេញបេសកកម្មកងរក្សាសន្តិភាពនៅម៉ាលី សូមកុំមានការព្រួយបារម្ភ ព្រោះការវាយប្រហារដោយពូកឧទ្ទាមកាលម្សិលម៉ិញក្នុងជំរុំកម្ពុជានៅម៉ាលី មិនមានកងទ័ពខ្មែរណាម្នាក់ស្លាប់ឬរបួសឡើយ។
-សម្តេចតេជោ ហ៊ុន សែន៖ សូមអ្នកព្រៃវែង មករួមរាំលេងកម្សាន្តសប្បាយនៅ«សង្ក្រាន្តព្រៃវែង» ដែលគ្រោងធ្វើនៅក្រុងព្រៃវែង ខេត្តព្រៃវែង ហើយរាំក៏ហុយដីតែម្តងទៅ….!!! សូមកុំខ្វល់ជាមួយពួកអាជាប់កុកអី…!!!
-សម្តេចតេជោ ហ៊ុន សែន បានប្រកាសចូលរួមអង្គរសង្ក្រាន្តអបអរសាទរបុណ្យចូលឆ្នាំថ្មីនៅខេត្តសៀម រាប និងប្រកាសជាសាធារណៈរាំឱ្យអស់ដៃតែម្តង…..!!!
-សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល និងបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១ តភ្ជាប់ពីអ្នកលឿង ទៅកាន់ថ្នល់ទទឹង ខេត្តត្បូងឃ្មុំប្រវែងជាង ៩៦គីឡូម៉ែត្រ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ បានចប់នៅវេលាម៉ោង០៩ និង១៧នាទី ៕