ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ទៅចាក់សាំងកន្លែងណាដែលគ្រប់ចំណុះ

ចែករំលែក៖

មួយរយៈពេលចុងក្រោយថ្មីៗនេះ សមត្ថកិច្ចក្រសួងពាណិជ្ជកម្មបានចុះត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈនានាដើម្បីចង់ដឹងថា តើរង្វាស់រង្វាល់ដែលម្ចាស់ស្ថានីយលក់ប្រេងឲ្យអតិថិជនគ្រប់ចំណុះដែរឬទេ? ជាលទ្ធផល ស្ថានីយប្រេងស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស មិនថា ទីក្រុង ទីប្រជុំជន ឬទីជនបទនោះឡើយ ត្រូវបានរកឃើញថាមិនគ្រប់ចំណុះតាមរង្វាស់រង្វាល់នោះឡើយ ។ គ្រាន់តែថា ខ្លះខ្វះតិច ខ្លះខ្វះច្រើន ។ ស្ថានីយប្រេងខ្លះ ចំណុចះ១០០លីត្រខ្វះអស់៨លីត្រទៅហើយ ។ មានស្ថានីយប្រេងតិចតួចណាស់ ដែលលក់ប្រេងគ្រប់ចំណុះតាមច្បាប់កំណត់ ។

ក្រៅពីនោះ ក៏មានបញ្ហាលួចគុណភាពប្រេងនោះទៀត ។ រីឯតម្លៃប្រេងមិនបានកំណត់ជាទូទៅតាមអ្វីដែលក្រសួងពាណិជ្ជកម្មបានកំណត់ប្រចាំសប្តាហ៍នោះឡើយ ។ ស្ថានីយប្រេងនៅតាមជនបទត្រូវគេមើលឃើញថា បានលក់តម្លៃប្រេងទាបជាងទីប្រជុំជន ។ គុណភាពប្រេងនៅទីជនបទ ក៏មានការបន្លំខ្លាំងណាស់ដែរ ។ មន្ត្រីក្រសួងពាណិជ្ជកម្មបានរកឃើញអំពីការលួចចំណុះ និងលួចគុណភាពប្រេងនៅតាមស្ថានីយប្រេងនានាស្ទើរទូទាំងប្រទេស ។ ប៉ុន្តែចំណាត់ការយ៉ាងណានោះ មិនឃើញមានការប្រកាសប្រាប់ឲ្យជាក់លាក់នោះឡើយ ។

ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់ស្នើក្រសួងពាណិជ្ជកម្ម ក៏ដូចជាក្រសួងពាក់ព័ន្ធនានាមានវិធានការជាក់លាក់ចំពោះ​ម្ចាស់ស្ថានីយប្រេងទាំងឡាយណា ដែល​បន្តលក់ប្រេងបន្លំគុណភាព និងមិនគ្រប់ចំណុះឲ្យអតិថិជន ។ ព្រោះថា ម្តងជាពីរដង ម្ចាស់ស្ថានីយខ្លះ​នៅតែបន្តលក់ប្រេងបន្លំគុណភាព និងមិនគ្រប់ចំណុះ ។ ដូច្នេះ ក្រសួងមានសមត្ថកិច្ចត្រូវមានវិធានការជាក់លាក់ចំពោះម្ចាស់ស្ថានីយទាំងនោះ ។ បើតាមការកត់សម្គាល់របស់ខ្ញុំបាទ ក្រោយការចាកចេញរបស់សមត្ថកិច្ច ដែលចុះទៅពិនិត្យតាមស្ថានីយនីមួយៗ ក៏ដូចជាការធ្វើកិច្ចសន្យានានានោះ ម្ចាស់ស្ថានីយប្រេងភាគច្រើនមិនអនុវត្តតាមនោះឡើយ ។

និយាយតាមត្រង់ទៅ ទាំងខ្ញុំបាទ ក៏ដូចជាប្រជាពលរដ្ឋទូទៅជួបប្រទះនឹងការលំបាកក្នុងការ​ស្វែងរកគុណភាពប្រេងពិតប្រាកដ និង​គ្រប់ចំណុះ ។ តម្លៃប្រេងថ្លៃ, បន្លំគុណភាព និងលួច​ចំណុះគឺជាបញ្ហាដែលជះឥទ្ធិពលអាក្រក់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ ។ វាមិនមែនជារឿងតូចតាច ប៉ុន្តែវាបានធ្វើឲ្យប្រជាពលរដ្ឋទូទៅរកាំចិត្ត ហើយក្លាយទៅជាបញ្ហា ដែលប្រឈម​លំបាកដោះស្រាយនាពេលអនាគត ៕


ចែករំលែក៖