ព័ត៌មានទាន់ហេតុការណ៍៖

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក McMaster លាលែងចេញពីតំណែង

ចែករំលែក៖

មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ បន្តលាលែងចេញពីតំណែង គឺទីប្រឹក្សាសន្តិសុខជាតិ លោក McMaster ។ អ្នកដែលឡើងស្នងតំណែងដ៏សំខាន់មួយនេះ គឺអតីតអគ្គរដ្ឋទូត និងជាអ្នកឯកទេសវិភាគរបស់បណ្តាញព័ត៌មាន Fox News លោកJohn Bolton ។

នៅក្នុងការប្រកាសដែលបានផ្សាយនៅលើបណ្តាញ Twitter កាលពីថ្ងៃទី២២ ខែមីនា ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិ លោក H.R. McMaster បានយល់ព្រមលាលែងចេញពីតំណែង ។ ចំណែកអតីត អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោក John Blton និងជាអ្នកវិភាគនយោបាយ របស់ Fox news និងជំនួសតំណែងដ៏សំខាន់មួយនេះ។

ប្រធានាធិបតីដូណាលត្រាំ បានសរសេរនៅលើបណ្តាញ Twitter របស់លោក ថា «ខ្ញុំពិតជាពេញចិត្តយ៉ាងខ្លាំង ដោយសូមប្រកាសថា ចាប់តាំងពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ លោក John Bolton នឹងក្លាយជា ទីប្រឹក្សាសន្តិសុខជាតិថ្មី។ ខ្ញុំសូមអរគុណដល់លោក McMaster ដែលបានបំពេញការងារបានយ៉ាងល្អ ក្នុងតួនាទីជាទីប្រឹក្សា សន្តិសុខជាតិ និងជាមិត្តរបស់ខ្ញុំ។ ខ្ញុំនឹងមានពិធីប្រគល់តំណែងផ្លូវការនៅថ្ងៃទី៩ ខែមេសា» ។

មន្ត្រីសេតវិមានមួយរូបបានឲ្យដឹងថា ប្រធានាធិបតីដូណាល់ ត្រាំ និង លោក McMaster បានពិភាក្សាគ្នា ហើយភាគីទាំងពីរបានព្រមព្រៀងថា ឲ្យមានការផ្លាស់ប្តូរថ្មី ។ ការលាលែងចេញពីតំណែង របស់លោក McMaster ក៏មិនពាក់ព័ន្ធបញ្ហានាពេលកន្លងមកឡើយ។

នៅក្នុងសេចក្តីប្រកាសរបស់សេតវិមាន លោក McMaster បញ្ជាក់ថា ក្រោយរយៈពេល៣៤ឆ្នាំ បម្រើប្រទេសជាតិ លោកបានស្នើចូលនិវត្តន៍ ៕ ម៉ែវ សាធី


ចែករំលែក៖