ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅចំណុចដីឡូតិ៍មួយកន្លែងដែលម្ចាស់ទុកចោលនិងជាជំរកក្រុមជនអានាថាមួយក្រុម បានសង់ជាខ្ទមស្នាក់នៅបណ្ដោះអាសន្ន ស្រាប់តែបានឈ្លោះប្រកែកគ្នាជាខ្លាំងរហូតឈានទៅដល់ដុតខ្ទមនេះចោល ធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅក្បែរនោះភ័យភ្ញាក់ទាំងយប់ ហើយបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ខ្លះទៀតដងទឹកមកជះពន្លត់រហូតទល់តែរលត់ទៅវិញ ។ចំណែកក្រុមបង្កហេតុបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់ ។
ករណីអគ្គិភ័យខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខដីឡូត៍ប្រជាពលរដ្ឋមួយកន្លែង តាមបណ្តោយផ្លូវលេខ៣១៥ ខាងកើតស្តុបត្រឡោកបែកប្រមាណជាង២០ម៉ែត្រ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ទីតាំងឆេះខាងលើនេះគឺពួកក្រុមរើសអេតចាយប្រុសស្រីមួយក្រុម បាននាំគ្នារើសកំណាត់ឈើជាច្រើនកំណាត់ហើយបានសង់ជាខ្ទមដើម្បីស្នាក់នៅ ដោយមានអ្នកខ្លះបានស្នាក់នៅក្នុងលូដែលគេទុកចោល ហើយការស្នាក់នៅរបស់ពួកគេមានរយ:ពេល២ថ្ងៃមកហើយដែល ។
សាក្សីដដែលបានបន្តទៀតថា មុននឹងឈានការដុតខ្ទមស្នាក់នៅចំណុចខាងលើនេះរូបគាត់បានឃើញក្រុមជនអានាថាមួយក្រុមមានការឈ្លោះប្រកែកគ្នា ហើយពួកគាត់មិនដឹងថាឈ្លោះគ្នារឿងអីនោះទេ ស្រាប់តែមួយសន្ទុះក្រោយមកក៏បានចេញជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង ។ ភ្លាមៗនោះពួកគាត់បានឃើញស្ត្រីម្នាក់ក្នុងចំណោមជនអានាថាជាច្រើននាក់នោះ បានយកធុងដងទឹកមកជះពន្លត់តែមិនរលត់នោះទេព្រោះតែភ្លើងឆេះខ្លាំងពេក ហើយក្រុមទាំងនោះមានកាភ័យស្លន់ស្លោរ បាននាំរត់គេចខ្លួនពីកន្លែងកើតហេតុទាំងអស់គ្នា ។បន្ទាប់មកប្រជាពលរដ្ឋឃើញដូច្នោះក៏បាន ទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយធ្វើអន្តរាគមន៍ផងដែរ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យនិងដងទឹកមកជះអស់ជាច្រើនធុង ទើបអគ្គិភ័យនោះរលត់ទៅវិញអស់ទាំងស្រុងតែម្តង ៕ ស តារា