អតីតប្រធានាធិបតីបារាំងលោក Nicolas Sarkozy បានប្រកាសថា លោកនឹងតស៊ូដល់ទីបញ្ចប់ ដើម្បីបញ្ជាក់ថា លោកគ្មានទោសនោះឡើយ។
ឆ្លើយតបនឹងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ឯកជនមួយនៅប្រទេសបារាំង TF1 ក្រោយទទួលបានការធានាឲ្យនៅក្រៅឃុំ កាលពីយប់ថ្ងៃទី២៣ ខែមីនា អតីតប្រធានាធិបតីបារាំង លោក Nicolas Sarkozy បានបញ្ជាក់ថា រាល់ការចោទប្រកាន់ពាក់ព័ន្ធនឹងការទទួលសំណូកទទួលប្រាក់ពីលីប៊ីនៅពេលឃោសនាបោះឆ្នោត កាលពីឆ្នាំ២០០៧ គឺជារឿងមិនសមហេតុផល ហើយគ្មានភស្តុតាងច្បាស់លាស់ណាមួយបញ្ជាក់ការពិតនោះឡើយ។ លោកថា លោកនឹងតស៊ូដល់ទីបញ្ចប់ ដើម្បីបញ្ជាក់ថាលោកគ្មានកំហុស។
នៅក្នុងពេលសាកសួរ២ថ្ងៃកន្លងមក ទៅលើលោក Nicolas Sarkozy អ្នកដែលកាន់តំណែងប្រធានាធិបតីបារាំង ក្នុងអំឡុងឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ ហើយក្នុងពេលឃោសនាបោះឆ្នោត អតីតមេដឹកនាំលីប៊ី ហ្គាដាហ្វុី បានផ្តល់ប្រាក់រហូតដល់៥០លានអឺរ៉ូ ដល់មូលនិធិឃោសនារបស់លោក។ ប្រសិនបើរកឃើញថាជាការពិតនោះ លោក Nicolas Sarkozy នឹងត្រូវជាប់ឃុំរយៈពេល១០ឆ្នាំ និងបង់ផាកពិន័យជាច្រើនទៀត។
ប៉ុន្តែលោក Nicolas Sarkozy បានបញ្ជាក់ថា ព័ត៌មានខាងលើ គឺជារឿងបង្កើតឡើងដើម្បីធ្វើឲ្យជីវិតរបស់លោកត្រូវសាបសូន្យ៕ ម៉ែវ សាធី