ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកអង្គស្នួលចាប់ខ្លួនជនសង្ស័យម្នាក់ដោយអនុវត្ដតាដីការបស់សាលាដំបូងខេត្ដ

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលចាប់ខ្លួន ពាក់ព័ន្ធករណីថ្នាំញៀន ដោយអនុវត្ដតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ដកណ្ដាល ។ ករណីចាប់ខ្លួនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវលំ ស្ថិតក្នុងភូមិស្រែកណ្តោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនត្រូវចោទចាប់ខ្លួនបានមានឈ្មោះ វ៉េន អាត ហៅអុក ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរមុខរបរ កម្មករ មានទីលំនៅភូមិស្រែកណ្តោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០០៨ ដ.ក.ច.ខ. ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ ចុះហត្ថលេខាដោយលោក គឹម ម៉េង ចៅក្រមសើបសួរនៃសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅភូមិអង្គរមាស ឃុំម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែសីហាឆ្នាំ២០១៧ ។

ប្រភពដដែលបន្ដថា ក្រោយពីជនសង្ស័យប្រព្រឹត្ដិបទល្មើសជួញដូរគ្រឿងញៀនរួច ជនសង្ស័យបានរត់គេចខ្លួនពីលំនៅដ្ឋានដោយពុំដឹងថា ទៅរស់នៅឯខេត្ដណានោះទេ ទើបចៅក្រមសម្រេចចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ លុះមកដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលព័ត៌មានថា ជនសង្ស័យកំពុងរស់នៅក្នុងមូលដ្ឋាន ភ្លាមនោះកម្លាំងជំនាញស្រុកបានសហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាល ចុះធ្វើការចាប់ខ្លួនដោយអនុវត្ដតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ដ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ដចាត់ការបន្ដ ៕ ស្អាងជ័យ


ចែករំលែក៖