ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់បុរសម្នាក់បាញ់សម្លាប់សត្វទន្សោង១ក្បាលនៅក្នុងស្រុកថ្ពង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ សត្វទន្សោងដ៏កម្រ ១ក្បាលដែលរស់នៅក្នុងព្រៃសហគមន៍ប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺត្រូវបានក្រុមព្រានព្រៃបាញ់សម្លាប់រួចវះយកសាច់ដាក់រថយន្តបម្រុងដឹកចេញ ប៉ុន្តែត្រូវ បានកម្លាំងសមត្ថកិច្ចអភិរក្សសត្វព្រៃសហការជាមួយកង រាជអាវុធហត្ថស្រុកថ្ពងឃាត់ខ្លួនភ្លាមៗ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ករណីព្រានព្រៃបាញ់សម្លាប់សត្វព្រៃដ៏ កម្រ និងជិតផុតពូជនេះបានកើតមានឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងព្រៃសហ គមន៍ប្រាំបីមុំ ឃុំប្រាំមុំ ស្រុកថ្ពង ខេត្តកំពង់ ស្ពឺ។ ប្រភពបន្តថា ក្នុងយប់នោះមានព្រានមួយក្រុមបានដើរបរបាញ់សត្វ និងបានជួបសត្វទន្សោងឈ្មោល១ក្បាលរួចបានបាញ់សម្លាប់និងវះយកសាច់ភ្លៅ និងជើងមុខ ។

លោកវរសេនីយ៍ទោ ឆន ជា អធិការរងនគរបាលស្រុកថ្ពងបានប្រាប់អ្នកកាសែតកាលពីព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ថា ករណីក្រុមព្រានព្រៃបាញ់សម្លាប់សត្វទន្សោងមួយក្បាលកាលពីយប់មិញនោះត្រូវបានកម្លាំងខាងអភិរក្សសត្វព្រៃ និងកងរាជអាវុធហត្ថបង្ក្រាបបានភ្លាមៗក្រោយពេលបាញ់សម្លាប់ជនល្មើសម្នាក់ក្នុងចំណោមបក្ខពួកត្រូវបានឃាត់ខ្លួនជាមួយនឹងរថយន្តវីហ្គោ១គ្រឿងផងដែរ។

លោកបន្តទៀតថា ក្រុមអ្នកបរបាញ់ សត្វព្រៃនេះមិនមែនជាអ្នកស្រុករស់នៅក្នុងស្រុកថ្ពងទេគឺមកពីភ្នំពេញដែលចូលចិត្ត បរបាញ់សត្វ និងបានជួលព្រានព្រៃដើម្បីនាំផ្លូវចូលក្នុងព្រៃស្វែងរកបាញ់សត្វព្រៃ ទាំងនេះ ។

លោក សេង វណ្ណរ័ត្ន ប្រធានក្តាប់រួម ផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់បានប្រាប់ថា ខ្មោចសត្វទន្សោងកំពុងស្ថិតនៅកន្លែងកើតហេតុនៅឡើយដោយមន្ត្រីជំនាញអង្គការសម្ពន្ធមិត្តសត្វព្រៃ(វ៉ាយអេដស៍)កំពុងត្រួតពិនិត្យជុំវិញកន្លែងកើតហេតុ។ លោកបាន បន្តថា ជនសង្ស័យដែលបានបាញ់សត្វព្រៃដ៏កម្រខាងលើត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ។

មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលពាក់ព័ន្ធករណីបាញ់សម្លាប់សត្វព្រៃដ៏កម្រ (សត្វ ទន្សោង)ដែលកម្លាំងអភិរក្សសត្វព្រៃសហការជាមួយកម្លាំងកងរាជអាវុធហត្ថឃាត់ ខ្លួនបាននេះឈ្មោះ សូ ស៊ីណា អាយុ៣៨ឆ្នាំ មានទីលំនៅភូមីអង្គ្រង ឃុំស្វាយទាប ខេត្ត ស្វាយរៀង ។

ប្រភពបានបន្តទៀតថា ការឃាត់ខ្លួននេះសមត្ថកិច្ចដកហូតបានវត្ថុតាងសាច់សត្វទន្សោង និងរថយន្តមួយគ្រឿងម៉ាកវីហ្គោ ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2M-7435 ពេលនេះមន្ត្រីជំនាញកំពុងសាកសួរ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ចំពោះមុខសញ្ញាជនសង្ស័យ ដែលបាញ់សត្វទន្សោងដ៏កម្រស្ទើរតែផុតពូជនេះសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ សេនាស័ក្តិ


ចែករំលែក៖