ព័ត៌មានទាន់ហេតុការណ៍៖

ចំណាត់ការព្រះរាជអាជ្ញាខេត្តកំពង់ធំលើឈ្មួញគ្រញូងដ៏ល្បីយាយម៉ាយបានតែមួយដង្ហើមចង្រិតចេញពីគុកវិញឥទ្ធិពលខ្លាំងជាងមុន

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ ៖ មេខ្លោងជួញដូរឈើជនជាតិវៀតណាមដ៏ល្បីឈ្មោះនៅតាមខេត្តជាប់ព្រំដែនឈ្មោះ ង្វៀង ធីម៉ាយ ហៅ ​ យាយម៉ាយត្រូវបានតុលាការសម្រេចឃុំខ្លួនហើយស្រាប់តែស្ងាត់ៗចេញពីគុក រកស៊ីបទល្មើសឈើដដែល និងមានឥទ្ធិពលខ្លាំង ជាងមុនទៅទៀត ។

គួររម្លឹកថា មេខ្លោងជួញដូរឈើជនជាតិ វៀតណាមឈ្មោះ ង្វៀង ធីម៉ាយ ហៅយាយ ម៉ាយរួមជាមួយអ្នកបើកបររថយន្តម្នាក់ត្រូវ បានតុលាការខេត្តកំពង់ធំសម្រេចឃុំខ្លួន ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ពីបទប្រើ ប្រាស់រថយន្ដអត់ពន្ធនិងប្រើប្រាស់ស្លាកលេខក្លែងក្លាយ ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា កាល ពីថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៨មេឈ្មួញឈ្មោះ ង្វៀង ធីម៉ាយ ហៅ យាយម៉ាយ ស្រាប់តែលេចមុខចេញរកស៊ី បទល្មើសឈើគ្រញូងដដែល។ ជាក់ស្តែង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ប្រជា ពលរដ្ឋបានប្រទះឃើញសកម្មភាពអារ ច្រៀកឈើមួយកន្លែងនៅចំណុចក្បាល ទន្សោងក្នុងភូមិត្រពាំងប្រិយ៍ ឃុំអភិវឌ្ឍន៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យដោយ ទីតាំងអារស្តុកឈើមួយកន្លែងនេះត្រូវបានគេស្គាល់ថា ជារបស់យាយម៉ាយដែលត្រូវព្រះរាជអាជ្ញាចាប់ដាក់គុកកាលពីចុងឆ្នាំ ២០១៧រហូតដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០១៨បែរជាលេចមុខយាយម៉ាយចេញ រកស៊ីឈើខុសច្បាប់បន្ដទៀត ។

យោងតាមប្រភពព័ត៌មានខាងលើត្រូវបានប្រជាពលរដ្ឋដាក់ការសង្ស័យទៅអ្នកអនុវត្តច្បាប់ថា ប្រើច្បាប់អត់មានប្រសិទ្ធ ភាពបានជាឈ្មួញរកស៊ីបទល្មើសឈើឈ្មោះយាយម៉ាយនៅតែប្រព្រឹត្តបទល្មើសរកសុីឈើគ្រញូងកាន់តែលើសដើមនិង មកស្ដារដើមទុនដែលខ្លួនបាត់បង់ពីមុនដោយមិនខ្វល់ពីអ្វីទាំងអស់ ។

ប្រភពពីសមត្ថកិច្ចសុំមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកយកព័ត៌មានថា ឈ្មួញឈើ ឈ្មោះយាយម៉ាយនេះនៅតែបន្តដឹកឈើគ្រញូងយកទៅលក់នៅប្រទេសវៀតណាមដដែលដោយយាយម៉ាយបានត្រូវរ៉ូវគា្នជាមួយសមត្ថកិច្ចតាមផ្លូវមួយចំនួនជាអ្នក បើកភ្លើងខៀវ ។

សូមបញ្ជាក់ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំលោក អុិត សុធា បានដឹក នាំកម្លាំងចុះចាប់ខ្លួនមេខ្លោងជួញដូរឈើ ជនជាតិវៀតណាមដ៏ល្បីឈ្មោះ ង្វៀង ធីម៉ាយ ហៅយាយម៉ាយរួមជាមួយអ្នកបើក បររថយន្តម្នាក់នៅហាងផ្កាយមាស ក្រុង ស្ទឹងសែន ខេត្តកំពង់ធំកាលពីល្ងាចថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៧ ហើយសម្រេច ឃុំខ្លួនក្រោមបទចោទប្រកាន់ប្រើប្រាស់ ឯកសារសាធារណៈក្លែង (ប្រើរថយន្ត អត់ពន្ធ និងស្លាកលេខក្លែងក្លាយ)និងបទ ល្មើសមួយទៀតគឺប្រមូលនិងដឹកជញ្ជូន អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ៕ ហេង សូរិយា

 


ចែករំលែក៖