ខេត្តព្រៃវែង: មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តដឹកឈើបើកបុកម៉ូតូ សមត្ថកិច្ចដែលបញ្ឈរតាមចិញ្ចើមផ្លូវកំពុងឈរការពារប្រតិភូតាមផ្លូវ និងធ្វើឲ្យអ្នកបើកបរ រថយន្តរបួសធ្ងន់គួរសម ។
ឧប្បត្តិហេតុនេះកើតឡើងនៅវេលាម៉ោង៦ព្រឹក ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៨ ត្រង់ចំណុចព្រុំ ប្រទល់កំចាយមារ-ស្វាយអន្ទរ ស្ថិតក្នុងភូមិជ្រៃវាល ឃុំជ្រៃ ស្រុកស្វាយអន្ទរ ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ រដ្ឋបាលជ្រៃបានឲ្យដឹងថា រថយន្តបង្កម៉ាកសាំយ៉ុង ពណ៌ស គ្មានស្លាកលេខ ផ្ទុកឈើពេញរថយន្ត អ្នកបើកបរឈ្មោះ នី រ៉ា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិខ្នងក្រពើកើត ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ រថយន្តនេះពេលបើក មកដល់កន្លែងកើតហេតុទំនងម្ចាស់ងុយដេកពេកបានរេចង្កូតរថយន្តធ្លាក់ផ្លូវ មកបុកម៉ូតូសមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលជ្រៃ១គ្រឿងម៉ាក ស៊ុយហ្ស៊ុយគី ស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាកស្លាកលេខ នគរបាល ១-៣៩៧២ ដែលកំពុងឈរការពារប្រតិភូតាមដងផ្លូវ ខូចខាតគួរសម និងធ្វើឲ្យអ្នកបើកបរចុកឆ្អល់ព្រោះត្រូវនឹងចង្កូត ។ ចំណែកសមត្ថកិច្ចជាម្ចាស់ម៉ូតូ គេចផុតពីការគ្រោះថ្នាក់ ។
បច្ចុប្បន្ន សមត្ថកិច្ចបានយករថយន្តបង្កមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលជ្រៃ គ្រាដែលរថយន្តនេះមានផ្ទុកឈើអារពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចេញពីពេទ្យចូលខ្លួនដោះស្រាយតាមច្បាប់ ៕ ប្រាថ្នា