ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសព្រហ្មទណ្ឌជារួមកើតឡើង៩៦០លើក ហើយខណ្ឌដែលមានបទល្មើសកើនឡើងចំនួន៦ខណ្ឌក្នុងរាជធានី

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍បូកសរុបសភាពការណ៍-កិច្ចប្រតិបតិ្តការ ការងារ រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឆ្នាំ២០១៧ និងទិសដៅភារកិច្ចឆ្នាំ២០១៨ ត្រូវបានបង្ហាញឲ្យដឹងថា សភាពការណ៍បទល្មើសព្រហ្មទណ្ឌជារួមកើតឡើងចំនួន៩៦០លើក/៩៣៣លើក ប្រៀបធៀបឆ្នាំ២០១៦កើនឡើង២៧លើក ស្មើនឹង២,៨៩% ធ្វើឲ្យមនុស្សស្លាប់៤៣នាក់/៥៣នាក់ របួស១៨៣នាក់/២៣៥នាក់ សម្ភារៈបាត់បង់រថយន្ត៤គ្រឿង ម៉ូតូ៣៤គ្រឿង ទូរស័ព្ទដៃ៣១២គ្រឿង និងសម្ភារមាសប្រាក់លុយកាកមួយចំនួន។

របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមថា ខណ្ឌដែលមានបទល្មើសកើនចំនួន៦ខណ្ឌ គឺមានខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌទួលគោក ខណ្ឌមានជ័យ ខណ្ឌដង្កោ និងខណ្ឌ៧មករា។ ដោយឡែកខណ្ឌដែលមានបទល្មើសថយចុះ មានចំនួន៥ខណ្ឌ គឺខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌច្បារអំពៅ ខណ្ឌជ្រោយចង្វា និងខណ្ឌព្រែកព្នៅ រីឯខណ្ឌឬស្សីកែវ បទល្មើសនៅថេរ។

ការលើកឡើងនូវរបាយការណ៍នេះ គឺនៅក្នុងឱកាសពិធីបើកសន្និបាតបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបតិ្តការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ប្រចាំឆ្នាំ២០១៧ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៨ របស់អគ្គស្នងការនគរបាលជាតិ ដែលបានប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃអង្គារ១១កើត ខែចេត្រ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៨ នៅសាលប្រជុំរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ក្នុងរបាយការណ៍ដដែលក៏បានឲ្យដឹងទៀតថា ឃាតកម្មកើតឡើង៣៨លើក/៣៨លើក រំលោភសេពសន្ថវៈ កើតឡើង២៣លើក/២៣លើក ជំរិតទារប្រាក់កើតឡើង១លើក បង្ខាំងមនុស្សខុសច្បាប់១លើក និងជះទឹកអាស៊ីត៣លើក/២លើក។ លទ្ធផលកិច្ចប្រតិបតិ្តការ ក្នុងការងារបង្ក្រាបបទល្មើសព្រហ្មទណ្ឌបានចំនួន៨៨១ករណី ស្មើនឹង៩១,៧៧% នៃបទល្មើសរួម ឃាត់ខ្លួនជនល្មើសចំនួន ១.២៧៦នាក់ ក្នុងបទល្មើសឧក្រិដ្ឋ៩៩ករណី ឃាត់ខ្លួន ១៨៩នាក់ និងបទល្មើសមជ្ឈឹម ៧៨២ករណី ឃាត់ខ្លួន ១.០៧៨នាក់។

ជាមួយគ្នានេះផងដែរ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានគូសបញ្ជាក់ និងកោតសសើរចំពោះកងកម្លាំងនគរបាលជាតិ កម្លាំងអធិការដ្ឋានទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងស្មារតីទទួលខុសត្រូវដែលថ្នាក់លើដាក់ចុះ។ ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ក៏បានកោតសសើរចំពោះកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបានស្រាវជ្រាវចាប់ឃាតករក្នុងករណីឃាតកម្មអារក សម្លាប់បុរសម្នាក់តែរយៈពេល២ថ្ងៃក្រោយកើតហេតុ។ ក្នុងនោះករណីឃាតកម្មលើការសម្លាប់ស្រ្តីម្នាក់ដាក់ក្នុងធុងទឹកកក ទោះបីជារយៈពេលយូរថ្ងៃក៏ដោយ តែសមត្ថកិច្ចបានស្រាវជ្រាវចាប់ឃាតករនាំមកផ្តន្ទាទោសផងដែរ។ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ក៏បានបន្ថែមថា ទោះបីសមត្ថកិច្ចចាប់ឃាតករទាំងនោះបានមកមែន ហើយជនរងគ្រោះដែលបានស្លាប់ទៅនោះ មិនអាចរស់ឡើងវិញទេ តែសមត្ថកិច្ចបានវែកមុខចាប់ជនដៃដល់ជាឃាតករ និងរកយុតិ្តធម៌ដល់ជនរងគ្រោះ ព្រមទាំងក្រុមគ្រួសារគាត់ផងដែរ។

គួររំលឹកផងដែរថា ឆ្នាំ២០១៧កន្លងមកនេះ កងកម្លាំងនគរបាលរាជធានីភ្នំពេញ នៅតែបន្តចាត់ទុកបញ្ហាសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសង្គម គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងជាវិស័យអាទិភាពមួយដ៏សំខាន់ សម្រាប់ធានាបាននូវអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ពង្រឹងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍន៍រាជធានីភ្នំពេញលើគ្រប់វិស័យ ប្រកបដោយចីរភាព បង្កើនទំនុកចិត្តដល់អ្នកវិនិយោគគិន ភ្ញៀវទេសចរណ៍ ប្រជាពលរដ្ឋរស់នៅប្រកបមុខរបររកស៊ី ក្នុងភាពសុខដុមរមនា។

គួរបញ្ជាក់ឲ្យដឹងដែរថា ពិធីសន្និបាតនេះប្រព្រឹត្តធ្វើឡើងចំនួន២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែមិនា ឆ្នាំ២០១៨។ ពិធីបិទសន្និបាតនិងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៨ ដោយទទួលបានការអញ្ជើញចូលរួមជាអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ ក្នុងនោះក៏មានពិធីចែកជូនរថយន្តដល់បណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១២ផងដែរ ដោយក្នុង១ខណ្ឌទទួលបានរថយន្តម៉ាក ម៉ាស់ដាចំនួន២គ្រឿង៕ តាឡឹម


ចែករំលែក៖