ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងប្រៃសណីយ៍ និងសហភាពសហព័ន្ធអ្នកសារព័ត៍មានកម្ពុជា ធ្វើសិក្ខាសាលារួមគ្នា ស្តីពី និន្នាការ និងបច្ចេកវិទ្យា ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

ចែករំលែក៖

ភ្នំពេញ៖ សហភាពសហព័ន្ធអ្នកសារព័ត៍មានកម្ពុជា ដឹកនាំដោយលោក ហ៊ុយ វណ្ណៈ បង្ហាញពីជំហរច្បាស់លាស់ខ្លួនលើវិស័យព័ត៍មាន ប្រកបដោយវិជ្ជាជីវៈ ក្នុងនោះអង្គភាពមួយនេះ មិនត្រឹមតែប្រមូលផ្តុំស្ថាប័នសារព័ត៍មាន ដ៏មានប្រជាប្រិយភាពលើទីផ្សារកម្ពុជា សម្រាប់ជាចំណីដ៏ពេញនិយម នៃព័ត៍មានរហ័ស លឿន ទាន់ហេតុការណ៍ និងមានគុណភាពប៉ុណ្ណោះទេ គឺអង្គភាពសហភាពសហព័ន្ធអ្នកសារព័ត៍មានកម្ពុជា បានសហការជាមួយស្ថាប័នរដ្ឋ ដោយជោគជ័យ តាមរយះការជួបពិភាគ្សាគ្នារវាងអ្នកនាំពាក្យតាមក្រសួងស្ថាប័នរដ្ឋ និងអ្នកសារព័ត៍មាន ដើម្បីបើកចិត្តអោយទូលាយសម្រាប់ការផ្តល់ព័ត៍មាន និងផ្សព្វផ្សាយព័ត៍មានអោយមានមូលដ្ឋានជាក់លាក់។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសហភាពសហព័ន្ធអ្នកសារព័ត៍មានកម្ពុជា ធ្វើសិក្ខាសាលារួមគ្នា ស្តីពី «និន្នាការ និងបច្ចេកវិទ្យា ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៍មាន »នាព្រឹកថ្ងៃពុធ ១២កើតខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ និង លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៍មានកម្ពុជា និងអតីតអ្នកសារព័ត៍មានអាជីព គឺជាលទ្ធផលវិជ្ជមានបន្តទៀត ខណះសហភាពសហព័ន្ធអ្នកសារព័ត៍មានកម្ពុជា ដោយមើលឃើញពីតួនាទីបច្ចេកវិទ្យាគមនាគមន៍ និងព័ត៍មាន បាននិងកំពុងដើរតួនាទីយ៉ាងសកម្ម និងចាំបាច់នៅគ្រប់ទម្រង់សង្គមដូចជា៖ ការទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ អភិបាលកិច្ច អប់រំ វប្បធម៍ និងជីវភាពប្រចាំថ្ងៃ ពិសេសវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៍មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងភាពជាដៃគូជាមួយ សហភាពសហព័ន្ធអ្នកសារព័ត៍មានកម្ពុជា ទើបរៀបចំសិក្ខាសាលារួមគ្នា ស្តីពី «និន្នាការ និងបច្ចេកវិទ្យា ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៍មាន»។

លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៍មានកម្ពុជា និងអតីតអ្នកសារព័ត៍មានអាជីព បានអោយដឹងថា៖ សិក្ខាសាលានេះក្នុងគោលបំណងផ្សព្វផ្សាយដល់ប្រព័ន្ធផ្សព្វផ្សាយនានា ដូចជា៖ កាសែត វិទ្យុ ទូរទស្សន៍ ទស្សនាវដ្តី គេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមជាដើម បានស្វែងយល់អំពី និន្នាការបច្ចុប្បន្ន និងទៅអនាគតនៃការអភិវឌ្ឍន៍របស់ បច្ចេកវិទ្យាថ្មីៗ ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៍មាន។

លោក ហ៊ុយ វណ្ណៈ បន្តថា៖ សិក្ខាសាលានេះក៏មានបំណងពិសេស ដើម្បីលើកកម្ពស់ការប្រើប្រាស់«វាក្យស័ព្ទ» ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៍មាន អោយបានត្រឹមត្រូវស្របតាមអត្ថន័យបច្ចេកទេស ក្នុងពេលធ្វើសេចក្តីរាយការណ៍ ទាក់ទងទៅនិងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៍មាន៕ ស តារា


ចែករំលែក៖