ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកួតក្របខ័ណ្ឌ UEFA Champions League នឹងកែប្រែចំណុចមួយចំនួននៅរដូវកាលក្រោយ

ចែករំលែក៖

សហព័ន្ធបាល់ទាត់អឺរ៉ុប(UEFA) បានប្រកាសថា ចាប់ពីរដូវកាល២០១៨-២០១៩ទៅការប្រកួតសម្រាប់ក្របខ័ណ្ឌ UEFA Champions League ដែលជាពានរង្វាន់កំពូលតំបន់អឺរ៉ុបនឹងមានការកែប្រែចំណុចមួយចំនួន។

ការកែប្រែចំណុចមួយចំនួនមានដូចជា ការអនុញ្ញាតឲ្យមានដូរចូលកីឡាករបម្រុងចំនួន៤ដង ក្នុងមួយប្រកួត, ការអនុញ្ញាតឲ្យមានកីឡាករច្រើនជាងមុនក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ និងការផ្លាស់ប្ដូរម៉ោងប្រកួត ។

ចាប់ពីរដូវកាលក្រោយទៅក្នុងការប្រកួតវគ្គជម្រុះ (Knock-out Ties) បើលេងដល់ថែមម៉ោងក្លិបត្រូវបានអនុញ្ញាតឲ្យធ្វើការដូរកីឡាករបម្រុងមួយលើកបន្ថែមទៀត។

ក្នុងវគ្គផ្ដាច់ព្រ័ត្រក្លិបត្រូវបានអនុញ្ញាតឲ្យមានកីឡាករច្រើនជាងមុន រហូតដល់ ២៣នាក់ មានន័យថា ចំនួនកីឡាករអង្គុយលើកៅអីបម្រុងនឹងកើនឡើងដល់ ១២រូប។ បើតាមច្បាប់បច្ចុប្បន្ន ក្លិបមានសិទ្ធិយកតាមខ្លួន កីឡាករចំនួនតែ ១៨នាក់ ក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League។

ចំណែកឯម៉ោងប្រកួត Champions League វិញក៏មានការប្រែប្រួលដែរ។ ក្នុងវគ្គ Group Stage ការប្រកួតនឹងលេងនៅម៉ោង១២និង៥៥ ពាក់កណ្ដាលអធ្រាត្រ (លើកលែងតែការប្រកួត Group Stage ចុងក្រោយដែលបន្តលេងនៅម៉ោង២និង៤៥រំលងអធ្រាត្រដដែល) ហើយវគ្គជម្រុះនឹងលេងនៅម៉ោង៣ទៀបភ្លឺម៉ោងនៅកម្ពុជា ។

សូមបញ្ជាក់ថា ក្នុងការប្រកួតពានរង្វាន់ UEFA Champions League វគ្គជម្រុះមានវគ្គ១៦ក្រុម ៨ក្រុម និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៕ ដេវីត


ចែករំលែក៖