ព័ត៌មានទាន់ហេតុការណ៍៖

តុក្កតានិងផ្កាគោរពវិញ្ញាណក្ខន្ធកុមារ៤១នាក់ស្លាប់នៅក្នុងគ្រោះអគ្គិភ័យ

ចែករំលែក៖

ក្រៅពីការអុជទៀន និងដាក់ផ្កានៅមានតុក្កតាជាច្រើន ដែលជាចំណូលចិត្តរបស់កុមារបានដាក់នៅទីលានគោរពវិញ្ញណក្ខន្ធកុមាររងគ្រោះដោយអគ្គិភ័យ នៅតំបន់ Kemerovo។

ក្រោយសោកនាដកម្មឆេះមជ្ឈមណ្ឌលកម្សាន្ត Winter Cherry នៅតំបន់ Kemerovo ខេត្ត Siberia កាលពីថ្ងៃទី២៥ ខែមីនា កន្លងមកពលរដ្ឋរុស្ស៊ី ជាច្រើនបង្ហាញការសោកស្តាយ និងទុក្ខក្រៀមក្រំយ៉ាងខ្លាំង ដោយនាំគ្នាទៅដាក់ផ្កាគោរពវិញ្ញណក្ខន្ធ ជនរងគ្រោះ៦៤នាក់ ក្នុងនោះមានកុមារ៤១នាក់។ ការស្លាប់កុមារច្រើនដោយសារតែនៅក្នុងមជ្ឈមណ្ឌលនោះមានកន្លែងសម្រាប់ក្មេងលេង(សួនកុមារ)។

នៅទីក្រុងមូស្គូ ទីលាន Manezhnaya ជិតវិមានក្រឹមឡាំង របស់ប្រធានាធិបតីនិងទីតាំងជាច្រើនទៀតបានរៀបចំទីកន្លែងគោរពបូជាផងដែរ។ នៅទីក្រុង St Petersburg ពិធីគោរពវិញ្ញណក្ខន្ធ ក៏បានរៀបចំឡើង ដោយពលរដ្ឋភាគច្រើនបានយករូបតុក្កតា ដាក់ជូនកុមារដែលបានស្លាប់។

មជ្ឈមណ្ឌលកម្សាន្ត និងផ្សារទំនើប Zimnjaja Vishnja ស្ថិតនៅទីក្រុង Kemerovo បានដាក់ឲ្យដំណើរការនៅឆ្នាំ២០១៣ ក្នុងផ្ទៃដីរហូតដល់ ២៣.០០០ម៉ែត្រការ៉េក្នុងនោះមានផ្សារទំនើបសម្រាប់ក្មេងលេង និងរោងភាពយន្តផងដែរ។

នេះជាសោកនាដកម្មទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសរុស្ស៊ីបង្កការខឹងសម្បាយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋ។ ពលរដ្ឋមួយចំនួនធំ បាននាំគ្នាធ្វើបាតុកម្មទាមទារឲ្យមន្ត្រីនៅក្នុងតំបន់លាលែងចេញពីតំណែង និងស្នើឲ្យបើកការស្រាវជ្រាវជាបន្ទាន់ប្រកបដោយតម្លាភាព ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះពិសេសគឺកុមារ៕ ម៉ែវ សាធី


ចែករំលែក៖