ភ្នំពេញ៖ បុរសម្នាក់ និងបក្ខពួកម្នាក់ទៀតសុទ្ធតែជាអ្នកស្រវឹងស្រាជោកជាំ សូម្បីតែឈរនិយាយជាមួយនឹងសមត្ថកិច្ចមិនហ្នឹងផងនោះ ជិះរថយន្តឡិចស៊ីសបុកនិងរថយន្តគេ១គ្រឿងនៅលើផ្លូវ២៧១ ម្តុំវត្តសន្សំកុសល ហើយបត់រថយន្តចុះសំដៅទៅរង្វង់មូលផ្សារដើមថ្កូវ ក៏បុកម៉ូតូចតស្ងៀមនៅមុខហាងអ៊ុតសក់គៀបជាប់ក្រោមរថយន្តរបស់ខ្លួន ហើយចុះពីលើរថយន្តប្រាប់សមត្ថកិច្ចថា ខ្លួនអត់បានបុកអ្វីនោះទេ។ សម្តីអ្នកបើកស្រវឹងខួបនេះបានធ្វើឲ្យពលរដ្ឋឈរចោមរោមមើលស្ទើទប់សំណើចមិនបាន។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៨ នៅត្រង់ចំណុចរង្វង់មូលផ្សារដើមថ្កូវ ឈាងត្បូងមុខហាងអ៊ុតសក់ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនរាជធានីភ្នំពេញ។
រថយន្តបង្កហេតុម៉ាក់ឡិចស៊ីស RX300 ពណ៌ឆ្លូញ ពាក់ស្លាកលេខភ្នំពេញ 2H-2798 ។ ចំណែកម៉ូតូរងគ្រោះម៉ាកហុងដាឌ្រី សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1A-1962។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តឡិចស៊ីសនេះបើកចុះពីផ្លូវ២៧១ ហើយបត់ស្តាំទៅត្បូងក៏ជ្រុលទៅបុកម៉ូតូស្ត្រីម្នាក់ ដែលចតនៅមុខហាងអ៊ុតសក់គៀបជាប់ក្រោមរថយន្ត។ ខណៈនោះផងដែរសមត្ថកិច្ចក៏បានមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែបុរសម្នាក់ជាអ្នកបើកបររថយន្តចុះពីលើរថយន្តរបស់ខ្លួន ហើយនិយាយទៅកាន់ក្រុមសមត្ថកិច្ចថា ខ្លួនគាត់អត់បានបុកអ្វីនោះទេ។ តែមើលទៅអាការៈអ្នកបើកបរនោះសូម្បីតែឈរក៏មិនហ្នឹងផងដែរ ពិតជាស្រវឹងខ្លាំងណាស់។
ដោយឡែកសម្ថកិច្ចក៏បានឲ្យដឹងដែរថា រថយន្តនេះ បានបុករថយន្តគេ១គ្រឿងទៀតតាំងផ្លូវ២៧១មក ហើយបើករត់បត់ចុះមករង្វង់មូលផ្សារដើមថ្កូវនេះក៏ជ្រុលបុកនឹងម៉ូតូចតស្ងៀមនៅមុខហាងអ៊ុតសក់។ អ្នកបើកបរស្រវឹងជោកជាំនិយាយស្តាប់គ្នាមិនបានទេ។ សមត្ថកិច្ចបន្តថា លទ្ធផលចុងក្រោយសាច់ញាតិអ្នកបើកបររថយន្តបង្កហេតុបានមកដោះស្រាយសងថ្លៃខូចខាតម៉ូតូចំនួន១០០ដុល្លាក្រោយដោះស្រាយសំណងរួច គេក៏នាំគ្នាទៅផ្ទះរៀងៗខ្លួន៕ តាឡឹម