ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងកាលពីថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ នៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖
«ខ្ញុំសូមប្រកាសជាផ្លូវការនៅថ្ងៃនេះ (១ មេសា ២០១៨) គឺចាប់ពីថ្ងៃទី ១២ ខែមេសា ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៨ នេះ គឺបងប្អូនប្រជាពលរដ្ឋអាចជិះរថយន្តក្រុងដោយមិនបង់លុយ (FREE) នៅក្នុងរាជធានីភ្នំពេញ និងពីភ្នំពេញទៅតាមបណ្តាខេត្តតាមផ្លូវជាតិលេខ ៥ (ភ្នំពេញ ទៅ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ) និងផ្លូវជាតិលេខ ១ (ភ្នំពេញ ទៅ កណ្តាល ព្រៃវែង ស្វាយរៀង) ។
សាលាក្រុងភ្នំពេញ បានត្រៀមរថយន្តក្រុងដែលមានផ្លាកសញ្ញា “រាជធានីភ្នំពេញ” ចំនួន ៦០ គ្រឿង ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ» ៕