ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកបុកម៉ូតូបណ្តាលឲ្យយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការនេះបានកើតឡើងកាលពី​វេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ នៅមុខបុរីលឹមឈាងហាក់ ស្ថិតនៅក្នុងភូមិក្រាំងដូនតី សង្កាត់ចោមចៅទី២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះវន រ័ត្ន អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្នាក់នៅផ្ទះជួលម្តុំថ្លឹងឡានចាស់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិគរ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

មានប្រពន្ធឈ្មោះ អូន ម៉ាប់ អាយុ២២ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្រុកកំណើតរស់នៅជាមួយប្តីភូមិ ឃុំ ខាងលើ ពួកគាត់បាន រៀបការជាមួយគ្នាបាន២ឆ្នាំមិនទាន់យកកូននៅឡើយ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេឃើញយុវជនម្នាក់បានជិះម៉ូតូម៉ាកឌ្រីម១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ស្លាកលេខបាត់ដំបង 1S-3372 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុខាងលើ ក៏មានរថយន្តកាមរីមិនចាំស្លាកលេខបើកយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅបញ្ច្រាសទិសគ្នាបានបុកពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ភ្លាមៗ ត្រូវបានរថយន្តសង្រ្គោះដឹកទៅមន្ទីរពេទ្យ តែអកុសលបានពាក់កណ្តាលផ្លូវបានស្លាប់តែម្តង។

តាមសម្តីប្រពន្ធបានប្រាប់ថា ប្តីរបស់គាត់ សូមទៅកាត់ចំណងដៃមិត្តភក្តិនៅជម្ពូវ័ន្ត ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងប្រគល់សពឲ្យប្រពន្ធយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖