ខេត្តក្រចេះ: បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីយកម៉ាស៊ីនកាត់ស្មៅ ទៅកាត់ស្មៅក្នុងចម្ការកិនលើគ្រាប់ប្រភេទ អឹម៧៩មួយគ្រាប់ដែលបន្សល់ទុកពីក្នុងសម័យសង្រ្គាមបណ្តាលឲ្យផ្ទុះកក្រើកភូមិ ។
ឧប្បត្តិហេតុផ្ទុះគ្រាប់អឹម៧៩បណ្តាលឲ្យរបួសធ្ងន់មនុស្សម្នាក់នេះ កើតឡើង កាលពីវេលាម៉ោ ៤ រសៀល ថ្ងៃ អាទិត្យ១រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី១ ខែមេសា ឆ្នាំ ២០១៨ នៅចំណុចភ្នំចំអៀត ភូមិដូង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
នគរបាលស្រុកស្នួលបានឲ្យដឹងទៀតថា ជនរងគ្រោះ ឈ្មោះ ផល្លា ធឿន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិដូង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ (របួសជើងទាំងសងខាង និងរបួសចំចញ្ចើម) កំពុងសម្រាកព្យាបាលនៅផ្ទះពេទ្យឯកជន។
តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ បានកើតទ្បើងនៅពេលជនរងគ្រោះ បានយកម៉ាស៊ីនកាត់ស្មៅទៅកាត់ស្មៅនៅចម្ការហើយកិនចំគ្រាប់អឹម៧៩ ដែលនៅសេសសល់ពីជំនាន់សង្រ្គាម ទើបបណ្តាលឲ្យផ្ទុះ របួសខ្លួនប្រាណតែម្តង ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល និងចាត់ទុកជាសំណាងដែរ ដែលការផ្ទុះនេះជនរងគ្រោះមិនបាត់បង់ជីវិត ៕ ប្រាថ្នា