ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ សុវត្ថិភាពប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីគឺសំខាន់ខ្លាំងណាស់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖

«សុវត្ថិភាពប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីគឺសំខាន់ខ្លាំងណាស់

ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស សូមយកអស់ស្មារតីដើម្បីការពាប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។

សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងសុវត្ថិភាពទេសចរបរទេស គឺសំខាន់ណាស់ ដូច្នេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ រួមទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់បំផុត ការពារពលរដ្ឋ និងទេសចរជាតិ និងអន្តរជាតិនៅតាមតំបន់រមណីយដ្ឋានទេសចរទូទាំងប្រទេស កុំអោយមានរឿងអ្វីកើតឡើងអោយសោះនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។

ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋបើកបរធ្វើដំណើរគោរពច្បាប់ចរាចរណ៍ កុំអោយមានគ្រោះថ្នាក់ នឹង កុំលេងបាចទឹក គប់ទឹក ជះទឹក និងចាប់លាបម្សៅ ដែលអាចបង្កគ្រោះថ្នាក់ច្រើនណាស់ក្នុងពេលដែលបងប្អូនកំពុងធ្វើដំណើរ គឺអាចរអិលធ្លាក់ពីលើកង់ម៉ូតូ ហើយអាចបាត់ខ្សែក និងក្រវិលជាដើម…។

សូមជូនពរបងប្អូនសុខសប្បាយគ្រប់ៗគ្នានៅទូទាំងប្រទេសកុំបីខាន» ៕


ចែករំលែក៖