ព័ត៌មានទាន់ហេតុការណ៍៖

ជីដូនរវល់ដងទឹកស្រោចដំណាំមួយភ្លែត ត្រឡប់មកវិញចៅលង់ទឹកអាងក្នុងបន្ទប់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្ដាលៈ កុមារាអាយុជាងមួយឆ្នាំម្នាក់បានលង់ទឹកអាងក្នុងបន្ទប់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលជីដូនរវល់ទៅដងទឹកស្រោចដំណាំខាងមុខផ្ទះមួយសន្ទុះ ។ ករណីខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិជ័យតូច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា កុមារារងគ្រោះឈ្មើ តឿន ហុងម៉ី ភេទប្រុស អាយុ១ឆ្នាំ២ខែ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ ។ ឪពុកឈ្មោះ ឌឿ តឿន អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ និងម្តាយឈ្មោះ លន សេងហាច អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនីរោងចក្រ ។

ប្រភពដដែលបន្ដថា កន្លងមកកុមាររងគ្រោះត្រូវបានឪពុកម្ដាយផ្ញើឲ្យជីដូនឈ្មោះ សែម រឿង ជាអ្នកមើលថែ ព្រោះជាប់រវល់ទៅធ្វើការរោងចក្រ ។ លុះមកដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ១៧ ឈ្មោះ សែម រឿន ដែលជាជីដូនកុមាររងគ្រោះបានដងទឹកពាងស្រោចដំណាំមុខផ្ទះ ដោយទុកកុមាររងគ្រោះអង្គុយលេងម្នាក់ឯងនៅក្រោមផ្ទះ ។ រហូតដល់ម៉ោង ១៧និង៣០នាទី ឈ្មោះ សែម រឿន ស្រោចដំណាំរួចហើយបាត់កុមាររងគ្រោះរកមិនឃើញ ក៏បានទៅមើលនៅក្នុងបន្ទប់ទឹកខាងក្រោយផ្ទះ ស្រាប់តែឃើញកុមាររងគ្រោះលង់ទឹកក្នុងអាងទំហំ ០,៤០ម៉ែត្រគុណ០,៨០ម៉ែត្រ ក្នុងជម្រៅ ០,៥០ម៉ែត្រ មានសភាពដេកផ្កាប់មុខ ឃើញដូចនោះឈ្មោះ សែម រឿន លើកកុមាររងគ្រោះមកក្រៅ រួចធ្វើចលនាសង្គ្រោះបឋម តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចក៏បានចុះទៅពិនិត្យសាកសពកុមាររងគ្រោះ រួចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ


ចែករំលែក៖