ព័ត៌មានទាន់ហេតុការណ៍៖

លើកទី១កូរ៉េខាងជើងសុំទោសអ្នកសារព័ត៌មានកូរ៉េខាងត្បូង

ចែករំលែក៖

សកម្មភាពរបស់កូរ៉េខាងជើង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រព័ន្ធផ្សព្វផ្សាយនានារបស់កូរ៉េខាងត្បូង។ ការភ្ញាក់ផ្អើលកើតឡើងក្រោយពេលលោក គីម យ៉ុងឈុល (Kim Yong Chol) អនុប្រធានបក្សពលករកូរ៉េខាងជើង បានទៅកាន់សណ្ឋាគារ ជាកន្លែងស្នាក់នៅរបស់ក្រុមអ្នកសារព័ត៌មានកូរ៉េខាងត្បូង ដោយផ្ទាល់ ដើម្បីសុំទោស ដោយសារតែមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលទៅកាន់រោងមហោស្រពយកព័ត៌មានពីការសម្ដែងរបស់ក្រុមចម្រៀងមកពីកូរ៉េខាងត្បូង។

លោក គីម យ៉ុងឈុល បានបញ្ជាក់ថា «យើងខ្ញុំអញ្ជើញអស់លោកមកទីនេះ ហើយយើងមានតួនាទីធានាដល់សកម្មភាពផ្សព្វផ្សាយព័ត៌មានដោយសេរី។ ជំនួសមុខឲ្យរដ្ឋាភិបាលកូរ៉េខាងជើង សុំទោសអស់លោក ហើយសូមឲ្យអស់លោកយល់ផង»។

នេះជារឿងដ៏កម្រ ដែលកូរ៉េខាងជើងធ្វើការសុំទោស ដោយបើកចំហដល់អ្នកសារព័ត៌មានកូរ៉េខាងត្បូង ឬក៏បុគ្គលណាមួយ។ សកម្មភាពដ៏កម្រនេះ បានបង្ហាញយ៉ាងច្បាស់ថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កំពុងតែបន្ទន់ឥរិយាបថ ដើម្បីបង្កើនទំនាក់ទំនងប្រទេសទាំង២ឡើងវិញ។

ក្រុមតារាចម្រៀងកូរ៉េខាងត្បូង បានទៅសម្តែងនៅទីក្រុងព្យុងយ៉ាងជាលើកទីមួយ ក្នុងរយៈពេលជាង១ទស្សវតន៍កន្លងមក។ លោក គីម ជុងអ៊ុន និងភរិយា គឺលោកស្រី រី ស៊ុលជូ ក៏បានទៅចូលរួមទស្សនាការសម្តែង ហើយថែមទាំងទៅចាប់ដៃស្វាគមន៍តារាកូរ៉េខាងត្បូងទៀតផង។ នេះជាជំហានឆ្ពោះទៅមុខយ៉ាងល្អប្រសើរបំផុត សម្រាប់ផ្សះផ្សាទំនាក់ទំនងបងប្អូនកូរ៉េទាំងពីរ។

កន្លងមកសូម្បីតែការទស្សនាភាពយន្តកូរ៉េខាងត្បូង ឬក៏ស្តាប់ចម្រៀង ក៏ត្រូវបានហាមប្រាមដែរ។ ប៉ុន្តែនៅពេលនេះ កូរ៉េខាងជើង បានបើកទូលាយទទួលស្វាគមន៍ក្រុមចម្រៀងយ៉ាងកក់ក្តៅបំផុត។ មិនតែប៉ុណ្ណោះក៏បានសុំទោសជាសាធារណៈ ដល់ក្រុមអ្នកសារព័ត៌មាន ដែលមិនអនុញ្ញាតឲ្យចូលទៅកាន់រោងមហោស្រពយកព័ត៌មាន។ នេះជាសញ្ញាវិជ្ជមាន និងជាសុទិដ្ឋិនិយម របស់រដ្ឋាភិបាលកូរ៉េខាងជើង៕ ម៉ែវ សាធី


ចែករំលែក៖