ខេត្តប៉ៃលិន៖ កាលពីអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ លោក កើត សុធា អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក សោ សុវណ្ណ នាយករងរដ្ឋបាលខេត្ត លោក នូ សុគុណ ប្រធានក្រុមប្រឹក្សាស្រុកសាលាក្រៅ និងលោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ ព្រមទាំងក្រុមការងារជាច្រើននាក់ទៀត បាននាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកា ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋទីទាល់ក្រ ខ្វះខាតស្បៀង ចំនួន៥០គ្រួសារ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ការចែកអំណោយនៅពេលនេះ ដើម្បីចូលរួមចំណែកដោះស្រាយជីវភាពរបស់បងប្អូនបានមួយកម្រិត សំដៅការអភិវឌ្ឍ រួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូនឲ្យកាន់តែល្អថែមទៀត ទោះបីសម្ភារ និងថវិកាទាំងនេះមិនបានបំពេញតាមតម្រូវការរបស់បងប្អូនក៏ពិតមែន ក៏អាចដោះស្រាយបានមួយកម្រិតផងដែរ ដូច្នេះបងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរបន្តដើម្បីចិញ្ចឹមជីវិត និងបង្កបង្កើតផលដាំដំណាំឲ្យបានកាន់ច្រើន ដើម្បីបង្កើនជីវភាពរបស់បងប្អូនឲ្យធូរធាជាងមុន។ ជាពិសេសត្រូវយល់ដឹងពីបច្ចេកទេសក្នុងការធ្វើការងារកសិកម្ម ទៅតាមការណែនាំរបស់មន្ត្រីជំនាញដែលពួកគាត់មានបទពិសោធ។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ សែន ជាប្រមុខដឹកនាំ បានធ្វើឲ្យប្រទេសមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នលើគ្រប់វិស័យរួមមានសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ វត្តអារាម ព្រមទាំងបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។ ជាក់ស្តែងនៅពេលនេះ គ្រាន់តែទទួលបានព័ត៌មានពីមូលដ្ឋានមកថា មានប្រជាពលរដ្ឋខ្វះខាតស្បៀងចំនួន៥០គ្រួសារ លោកក៏បានដឹកនាំក្រុមការងារ យកអំណោយមកឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ដើម្បីដោះស្រាយជីវភាព និងទុក្ខលំបាករបស់ពួកគាត់បានមួយកម្រិតបន្តទៅមុខទៀត។
នៅក្នុងឱកាសនោះផងដែរ លោកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទៈ ដែលងាយបង្កគ្រោះថ្នាក់ ហើយបើបងប្អូនមានកើតបញ្ហាអ្វីកើតឡើងក្នុងគ្រួសារ ត្រូវរាយការណ៍ទៅមេឃុំ ចៅសង្កាត់ ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីឲ្យក្រុមការងារចុះជួយដល់បងប្អូនឆាប់រហ័ស និងទាន់ពេលវេលា។ ព្រមជាមួយនេះអាជ្ញាធរមូលដ្ឋាន មានភូមិ ឃុំ សង្កាត់ ទាំងអស់ត្រូវចូលរួមសហការ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋក្នុងខេត្តគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយយើងនៅជាមួយប្រជាជនរួមរស់ជាមួយប្រជាជនគ្រប់កាលៈទេសៈ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលទទួលអំណោយពីអាជ្ញាធរខេត្ត មានចំនួន ២ភូមិ ស្មើនឹង៥០គ្រួសារ គឺភូមិភ្នំព្រាល ចំនួន៣៥គ្រួសារ និងភូមិអូរដូនតាលើ ចំនួន១៥គ្រួសារ ដោយ១គ្រួសារៗទទួលបាន អង្ករ២៥ គីឡូក្រាម និងឃីត១កញ្ចប់ មានទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា អំបិល ស្ករស ប៊ីចេង ថវិកា១ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភថវិកាសម្រាប់ទិញស័ង្កសីសម្រាប់ប្រក់ផ្ទះ ដល់ប្រជាពលរដ្ឋចំនួន៦គ្រួសារ ដែលមានផ្ទះទ្រុធទ្រោម ដំបូលធ្លុះធ្លាយផងដែរ៕ ស សារ៉េត