ភ្នំពេញ៖ ធ្លាប់តែលួចគេបានវាគ្រាន់ ឥឡូវម្ចាស់គេទាន់វាក្រែលអញ្ចឹង ក្រោយពីជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចដែករបស់គេយកមកលក់កន្លែងដេប៉ូអេតចាយ ហើយត្រូវម្ចាស់តាមទាន់ហៅសមត្ថកិច្ចមូលដ្ឋានឲ្យឃាត់ខ្លួនកាលពីថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៥និង២០នាទី នៅចំណុចដេប៉ូទិញអេតចាយមួយកន្លែង ផ្លូវបេតុង ភូមិដំណាក់សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ សុខ ខឿន ហៅខឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិឡូ៥ ឃុំកំពង់លាវ ស្រុកកកំពង់លាវ ខេត្តព្រៃវែង។ ចំណែកអ្នកទទួលទិញឈ្មោះ ប៉ាង កែវ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរទិញអេតចាយ ស្នាក់នៅទីតាំងខាងលើ។
រីឯម្ចាស់ដែក ឈ្មោះ អិន យូអេន ភេទស្រី អាយុ ៣៩ឆ្នាំ ស្នាក់នៅភូមិប៉ប្រកខាងត្បូង សង្កាត់កាប១ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីសមត្ថកិច្ចបានប្រាប់ថា កន្លងមកម្ចាស់ដែកធ្លាប់បាត់អស់ជាច្រើន ប៉ុន្ដែមិនដែលចាប់បានចោរលួចឡើយ លុះដល់រសៀលខាងលើ បានបាត់ទៀត ក៏ដើររកតាមដេប៉ូអេតចាយ ស្រាប់តែមកជួបជនសង្ស័យកំពុងលក់ដែកដែលលួចពីផ្ទះគាត់យកមកលក់ ភ្លាមៗបានប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅឃាត់ខ្លួនជនសង្ស័យនិងអ្នកទទួលទិញមកសាកសួរតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការ ចំណែកអ្នកទទួលទិញ ក្រោយពីអប់រំណែនាំរួចក៏ឲ្យត្រឡប់ទៅផ្ទះវិញ ៕ តុង សីហា