ព័ត៌មានទាន់ហេតុការណ៍៖

ចិញ្ចើមផ្លូវជាតិលេខ១នៅមុខដេប៉ូលក់ខ្សាច់ព្រែកឯងរងការខូចខាតជាបណ្តើរៗ

ចែករំលែក៖

ភ្នំពេញ៖ ដេប៉ូលក់ខ្សាច់១កន្លែងមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ នៅចំងាយប្រមាណជា៣០០ម៉ែត្រពីសាលាសង្កាត់ព្រែកឯង កំពុងបង្កបញ្ហាជាបណ្តើរៗដល់អាជ្ញាធរមូលដ្ឋានដោយសារតែថៅកែដេប៉ូអោយរថយន្តធន់ធ្ងន់ប្រភេទយីឌុបដឹកជញ្ជូនខ្សាច់រាល់ថ្ងៃធ្វើអោយចិញ្ចើមផ្លូវជាតិលេខ១នៅមុខដេប៉ូក្លាយជាជង្ហុកបង្កបញ្ហាគ្រោះថ្នាក់ចរាចរដល់អ្នកដំណើរពិសេសរថយន្តដឹកខ្សាច់ចេញពីដេប៉ូភាគច្រើនមិនគ្របកៅស៊ូតង់នោះទេ ។

កន្លងមកអាជ្ញាធរខណ្ឌបានណែនាំអោយម្ចាស់ដេប៉ូលក់ខ្សាច់ទាំងអស់ត្រូវទទួលខុសត្រូវបោសសំអាតនិងការពារកុំអោយបង្កការខូចខាតដល់ផ្លូវសាធារណៈ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ល្អមិនបង្កផលប៉ះពាល់ដល់អ្នកដំណើរ ហាមមិនអោយដឹកខ្សាច់សើមចេញពីដេប៉ូយកទៅដាក់តាមការដ្ឋានផ្សេងៗព្រោះការរដឹកខ្សាច់សើមធ្វើកំពប់មកលើផ្លូវជាតិ ចំពោះរថយន្តដឹកខ្សាច់ត្រូវតែគ្រប ហាមដឹកលើសទ្រុង ។ ផ្ទុយទៅវិញបំរាមនេះជារសាត់ឆ្ងាយទៅហើយនិងគ្មានន័យទាល់តែសោះ សម្រាប់ម្ចាស់ដេប៉ូលក់ខ្សាច់។

ដូចឃើញក្នុងរូបភាពនេះនៅចំពីមុខច្រកចេញចូលដេប៉ូបានក្លាយជាជង្ហុកដក់ទឹកជាប្រចាំ បើមិនទប់ស្កាត់ទេនោះនិងធ្វើអោយផ្លូវជាតិលេខ១ នៅមុខដេប៉ូលក់ខ្សាច់ត្រូវខូចខាតខ្លាំងជាងនេះ ។

ជាសំណូមពរ សូមអោយគណៈបញ្ជាការឯកភាពខណ្ឌគួរតែមានវិធានការតឹងរ៉ឹងទៅលើរថយន្តដឹកខ្សាច់ចេញដេប៉ូ និងណែនាំអោយម្ចាស់ដេប៉ូលក់ខ្សាច់ ត្រូវគិតគូរដល់បញ្ហាសណ្តាប់ធ្នាប់សាធារណៈ កុំធ្វើអោយផ្លូវជាតិលេខ១ដែលជាទ្រព្យសម្បត្តិមហាសាលនិងជាជំនួយឥតសំណងរបស់ជប៉ុនជួយដល់ប្រជាជនកម្ពុជាត្រូវខូចខាតដោយសារតែឈ្មួញ អ្នកដែលទទួលរងនូវការរិះគន់ពីសំណាក់ប្រជាពលរដ្ឋគឺអាជ្ញាធរសង្កាត់ ខណ្ឌ ចំណែកម្ចាស់ដេប៉ូលក់ខ្សាច់ជាអ្នកទទួលផលចំណេញ ។

លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានប្រាប់ថា លោកនឹងចាត់ចែងអោយកម្លាំងចុះទៅពិនិត្យដេប៉ូខ្សាច់នៅព្រែកឯងនេះហើយ ៕ សណ្តោស


ចែករំលែក៖