ខេត្តស្វាយរៀង៖ មន្ទីរសុខាភិបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ មានរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលប្រចាំឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តឆ្នាំ២០១៨ ក្រោមការអញ្ជើញចូលរួមពីលោក តូច ប៉ូលេវ៉ា អភិបាលរងខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត និង អស់លោកលោកស្រី ដែលជាមន្ត្រី ដែលពាក់ព័ន្ធនៅតាមបណ្តាស្រុកក្រុងជាច្រើនរូបផងដែរ ។
ថ្លែងនៅក្នុងពិធីនោះ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានលើកឡើងថា ដើម្បីជំរុញឲ្យវិស័យសុខាភិបាលទទួលជោគជ័យកាន់តែធំធេងថែមទៀតនោះ ទាមទារឲ្យមន្ទីរសុខាភិបាលត្រូវមានកិច្ចសហការឲ្យបានល្អជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ។
លោក តូច ប៉ូលីវ៉ា បានបញ្ជាក់ថា វិស័យសុខាភិបាលទាំងសាធារណៈ និងឯកជនត្រូវដើរតួជាដៃគូ អភិវឌ្ឍ និងប្រាស្រ័យទំនាក់ទំនងល្អជាមួយគ្នាទៅវិញទៅមកព្រមទាំងខិតខំលុបបំបាត់ភាពអនាធិបតេយ្យលើវិស័យនេះ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាជន ។ ទន្ទឹម និងនេះមន្ទីរសុខាភិបាលត្រូវខិតខំពង្រឹងគុណភាពធនធានមនុស្ស ឲ្យបានខ្លាំងក្លាថែមទៀតនៅថ្នាក់មណ្ឌលសុខភាព ដែលជាកម្រឹតមួយនៅជិតនឹងប្រជាជនជាងគេ ។
លោកក៏បានលើកឡើងបន្តទៀតថាត្រូវរៀបចំបែងចែក និងគ្រប់គ្រងធនធានមនុស្សឲ្យបានល្អប្រសើរធានាថាធនធានមនុស្សគ្រប់កម្រឹតបច្ចេកទេស សម្រាប់បំរើវិស័យសុខាភិបាលប្រកបដោយប្រសិទ្ធភាពនៅគ្រប់បណ្តាញសុខាភិបាលទាំងទីក្រុង និងជនបទ ។
ហើយការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ដែលជាកាតព្វកិច្ចរបស់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ជាការចាំបាច់ តែបើមន្ត្រីសុខាភិបាលទាំងអស់មិនគោរពមនសិក្ខារវិជ្ជាជីវៈសុខាភិបាលឲ្យបានមុឺងម៉ាត់ទេនោះ វានឹងធ្វើឲ្យប្រជាជនបាត់ជំនឿមកប្រព័ន្ធសុខាភិបាលរបស់យើងហើយក៏ធ្វើឈរបទពិសោធន៍នៃចំណុចខ្លាំង និងចំណុចខ្សោយ ដែលយើងទទួលបានក្នុងការអនុវត្តផែនការឆ្នាំ២០១៧កន្លងមក ។
លោក តូច ប៉ូលីវ៉ា មានទំនុកចិត្តថា វិស័យសុខាភិបាលក្នុងខេត្តរបស់យើង នឹងសម្រេចបាននូវសមិទ្ធិផល និងវឌ្ឍនភាព ថ្មីៗជាច្រើនថែមទៀត នៅក្នុងការអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ២០១៨ និងឆ្នាំបន្តបន្ទាប់ទៀត ។
បើតាមរបាយការណ៍បញ្ជាក់ ដែលអានដោយលោកវេជ្ជបណ្ឌិត កែ រដ្ឋា បានឲ្យដឹងថាសមិទ្ធផល និងវឌ្ឍនភាពវិស័យសុខាភិបាលឆ្នាំ២០១៧ ផ្អែកតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រដ្ឋាភិបាលមានដូចតទៅ៖ ខេត្តស្វាយរៀងមាន៨ ស្រុកក្រុងស្មើរនឹង៨០ឃុំសង្កាត់ ៦៩០ភូមិប្រជាពលរដ្ឋសរុប៦២៣៨៣៤នាក់(ស្ត្រី៣២១,៧៦២នាក់)មានស្រុកប្រតិបត្តិចំនួន៤ មន្ទីរពេទ្យខេត្ត១, មន្ទីរពេទ្យបង្អែក៤ មានគ្រែសរុប៣៩១ និងមានមណ្ឌលសុខភាព៤៣ ប៉ុស្តិ៍សុខភាព១ ។ ក្នុងឆ្នាំ២០១៧នេះមន្ត្រីសុខាភិបាលបានទទួលក្របខ័ណ្ឌប្រចាំឆ្នាំ៣៤នាក់ និងក្របខ័ណ្ឌពិសេស៨៩នាក់ ។ មន្ត្រីសុខាភិបាលកំពុងបំរើការងារសរុប៦៩០នាក់(ស្ត្រី៣៣៨នាក់) ៕ យឹម សុថាន