ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលនៃគណៈអភិបាលខេត្តរៀបចំពិធីបួងសួងនិងប្រសិទ្ធពរជ័យសិរីសួស្តីដល់មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នៅសាលាខេត្តស្ទឹងត្រែង មានរៀបចំពិធីក្រងពាលី និងសូត្រមន្ត បួងសួងសុំសេចក្តីសុខ ទៅតាមប្រពៃណី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ ដើម្បីសុំសេចក្តីចម្រើន ដល់មន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តស្ទឹងត្រែងផងដែរ ដែលប្រារព្វធ្វើឡើងនៅក្នុសាលាខេត្តស្ទឹងត្រែង ។

ក្នុងពិធីនោះ មានរៀបចំគ្រឿងដង្វាយ ផ្លែឈើ ពោត អង្ករ ស្រូវ សណ្តែក ដំឡូង ល្ពៅ និងផ្លែឈើជាច្រើនមុខផ្សេងទៀត ដែលតំណាងឲ្យភាពរីកលូតលាស់ សម្បូរបែបផ្នែកខាងកសិកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជា ថ្វាយដល់ព្រះពិស្ណុការ ជូនដល់អារុក្ខរក្សទេវតា ឆ្នាំថ្មី។

តាមបែបព្រហ្មញ្ញសាសនា ព្រមទាំងមានសម្តែងរបាំដ្រុត ដើម្បីបណ្តេញចេញនូវឧបទ្រុបចង្រៃឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ឲ្យនាំមកនូវសិរីសួស្តី សុភមង្គល និងភាព សុខដុមរមនាដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ។

តាមបែបព្រះពុទ្ធសាសនា និងព្រះសង្ឃនាយករងទីបី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបាននិមន្តជាអធិបតីក្នុងកម្មវិធីសូត្រមន្តនោះផងដែរ ដើម្បីសូត្រមន្ត ប្រោសព្រំ សុំក្តីសុខ សម្បូររុងរឿងក្នុងឆ្នាំថ្មីខាងមុខនេះ ។

ចូលរួមក្នុងកម្មវិធីសូត្រមន្ត និងបួងសួងខាងលើនោះ មាន លោកម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត និងលោក លោកស្រី ដែលជាអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរងស្រុក ខណ្ឌ ឃុំសង្កាត់ ព្រមទាំងយាយជី តាជី ជាច្រើននាក់ផងដែរ នៅពេលល្ងាចក៏មានពិធីជប់លៀង ពិសាភោជនាអាហារផងដែរ ដល់មន្ត្រីជុំវិញខេត្ត ដើម្បីឆ្លងឆ្នាំចាស់ ឆ្នាំរកា ផ្លាស់ចូលឆ្នាំច ឆ្នាំថ្មី ដល់មន្ត្រីរាជការទាំងអស់ជុំវិញខេត្តផងដែរ ៕ មាស សុផាត


ចែករំលែក៖